ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ពង្រឹង​ខ្សែ​ការ​ពារ​ដើម្បី​ទប់​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី

13-Jan-2024 327 views

ទី​ក្រុង​កៀវ៖ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៣​ អ៊ុយក្រែន​បើក​យុទ្ធ​នា​ការ​វាយ​បក​ទៅ​លើ​មូល​ដ្ឋាន​របស់​កង​ទ័ព​រុស្ស៊ី​នៅ​លើ​ទឹក​ដី​អ៊ុយក្រែន​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ អ៊ុយក្រែន​កំពុង​ជីក​ត្រង់​សេ (trench), ​លេណ​ដ្ឋាន​ និង​សាង​សង់​​​ជញ្ជាំង​​បេតុង​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​វាយ​លុក​របស់​ទាហាន​រុស្ស៊ី​ជា​យថា​ហេតុ​ណា​មួយ​នៅ​និទាឃ​រដូវ​។ គេ​ឃើញ​ទាហាន​អ៊ុយក្រែន​ចាប់​ផ្ដើម​ដាក់​ស្រាស​លួស​បន្លា​នៅ​លើ​ទី​វាល​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​។​ ​ពួក​គេ​ខំ​ជីក​ជម្រក​ស្នាក់​នៅ​​ក្នុង​ដី​ជា​ប្លុក​នី​មួយ​ៗ​។ ជើង​ទម្រង​បាញ់​កាំភ្លើង​ធំ​ក៏​ស្ថិត​នៅ​មិន​​ឆ្ងាយ​ប៉ុន្មាន​ទេ​​ពី​ទី​នោះ​។

ខ្សែ​​ការ​ពារ​មូល​ដ្ឋាន​របស់​អ៊ុយក្រែន​ដែល​កំពុង​រៀប​ចំ​នេះ​ស្ថិត​នៅ​ក្បែរ​ទី​ក្រុង​គូពីយ៉ង់ (Kupiansk) ប្រទេស​អ៊ុយក្រែន​ភាគ​ឦសាន។ ទី​នេះ​​ចាប់​ផ្ដើមដំណើរ​ការ​សាង​សង់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​ទៅ​មិញ​។​ ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​នា​ការ​ថ្មី​របស់​អ៊ុយ​ក្រែន​ដែល​បង្វែរ​មុខ​ព្រួញ​ពី​ការ​វាយ​លុក​​ទៅ​លើ​រុស្ស៊ី​មក​ជា​ការ​ត្រៀម​ទទួល​យក​ការ​វាយ​លុក​ពី​រុស្ស៊ី​វិញ​ម្ដង​​​។ អ៊ុយ​ក្រែន​​ត្រូវ​តែ​បង្ខំ​ចិត្ត​ប្រើ​ប្រាស់​អ្វី​ៗ​គ្រប់​យ៉ាង​ដោយ​ការ​សន្សំ​សំចៃ​។ មិន​ថា​ប្រើ​ប្រាស់​ថវិកា​ជំនួយ ឬ​ប្រើ​ប្រាស់​អាវុធ​យុទ្ធ​ភ័ណ្ឌ​នោះ​ទេ​​។

អ្នក​វិភាគ​អំពី​ស្ថាន​ការណ៍​យោធា​សម្លឹង​ឃើញ​ថា​​រុស្ស៊ី​ចាប់​ផ្ដើម​បង្កើន​ការ​វាយ​ប្រហារ​ឡើង​វិញ​ហើយ​​។ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា លោក​ហ្សេលែនស្គី (Zelenskiy) ​ប្រកាស​ថា​អ៊ុយក្រែន​កំពុង​ពង្រឹង​ខ្សែ​ការ​ពារ​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​​បិទ​បញ្ចប់​យុទ្ធ​នា​ការ​វាយ​បក​ដែល​ចាប់​ផ្ដើម​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៣​​​ដោយ​មិន​អាច​​​សម្រេច​បាន​លទ្ធផល​ជា​ដុំ​កំភួន​ទេ​។​​


ប្រភព៖ Reuters

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS