ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថា កងទ័ពណាតូ ជួយប្រយុទ្ធឲ្យអ៊ុយក្រែនប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ ​តែក្លែងខ្លួនជា​ទាហានស៊ីឈ្នួល

19-Feb-2024 783 views

អន្តរជាតិ៖ អគ្គសេនាធិការរងរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់កាសែត Krasnaya Zvezda នៅថ្ងៃចន្ទទី១៩ខែកុម្ភៈថា កងទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួល ហើយប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ីរួចទៅហើយ នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកអះអាងថា ការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើជនស៊ីវិលរុស្ស៊ី កាលពីប៉ុន្មានឆ្នាំមុន គឺជាបញ្ជារបស់ទីក្រុងកៀវ និងដោយមានការយល់ព្រមយ៉ាងច្បាស់ពីរដ្ឋលោកខាងលិច។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានជូនអាវុធដល់អ៊ុយក្រែន ថែមទាំងផ្តល់ព័ត៌មានចារកម្មទៀតផង ប៉ុន្តែឧបករណ៍មួយចំនួន មានតែយោធាលោកខាងលិចទេ ទើបចេះប្រើដូច្នេះហើយ ទើបពួកគេមកដល់ដីអ៊ុយក្រែន។

តាមការបញ្ជាក់របស់លោក Rudskoy, “ទ័ពណាតូ បានក្លែងខ្លួនជាទាហានស៊ីឈ្នួលចូលរួមក្នុងប្រតិបត្តិការយោធា។ ពួកគេគ្រប់គ្រងប្រព័ន្ធការពារដែនអាកាស មីស៊ីល និងប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ហើយដាក់បញ្ចូលទៅក្នុងកងអង្គភាពវាយប្រហារថែមទៀត”។ ងាកទៅមើលកាលពីពាក់កណ្តាលខែមករាវិញ ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ក្នុងការវាយប្រហារមួយ ខ្លួនបានសម្លាប់យុទ្ធជនបរទេសជាង៦០នាក់ ដែលភាគច្រើនជាអ្នកនិយាយភាសាបារាំង។

ទោះបីជារដ្ឋាភិបាលទីក្រុងប៉ារីស ចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានកងកម្លាំងប្រដាប់អាវុធរបស់ពួកគេស្ថិតនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិបារាំង ទទួលស្គាល់ថា ពិតជាមានជនជាតិបារាំងមួយចំនួនបានទៅប្រយុទ្ធក្នុងនាមជាទាហានស្ម័គ្រចិត្តមែន ហើយដោយសារលទ្ធិប្រជាធិបតេយ្យ ទីក្រុងប៉ារីសមិនអាចបញ្ឈប់ពួកគេបានឡើយ។

តាមការប៉ាន់ប្រមាណរបស់ក្រសួងការពារជាតិរុស្ស៊ី មានទាហានស៊ីឈ្នួលបរទេសជាង៥៩០០នាក់ ត្រូវក្ស័យជីវិតនៅប្រទេសអ៊ុយក្រែន ចាប់តាំងពីជម្លោះផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។ លើសពីនេះ កងទ័ពអ៊ុយក្រែន ត្រូវបាត់បង់ជីវិតជិត១៦០០០០នាក់ ក្នុងអំឡុងការវាយបកបរាជ័យរបស់ខ្លួន ត្រឹមមួយឆ្នាំមុន៕

ប្រភព៖ TASS

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS