កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃសុក្រទី១៩មករានេះថា ប្រទេសកូរ៉េខាងជើងបានសាកល្បងយានគ្មានមនុស្សបើកវាយប្រហារនុយក្លេអ៊ែរក្រោមទឹក ក្នុងការឆ្លើយតបប្រឆាំងនឹងការធ្វើសមយុទ្ធយោធារួមគ្នានៅសប្តាហ៍នេះដោយកូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងព្យុងយ៉ាង បានសាកល្បងយានគ្មានមនុស្សបើកវាយប្រហារនុយក្លេអ៊ែរក្រោមទឹក Haeil 5-23 របស់ខ្លួន ដែលស្ថិតនៅក្រោមការអភិវឌ្ឍនៅក្នុងដែនទឹកនៃសមុទ្រខាងកើត។ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន«កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ»របស់ប្រទេស និង «ធ្វើឱ្យមានអស្ថិរភាពដល់ស្ថានភាពក្នុងតំបន់»។
ជាមួយគ្នានេះ ការសាកល្បងយានគ្មានមនុស្សបើកនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំ លោក គីម ជុងអ៊ុន បានប្រកាសថា លោកនឹងលុបចោលនូវគោលដៅដ៏យូរអង្វែងរបស់ប្រទេសរបស់លោកក្នុងការបង្រួបបង្រួមសន្តិភាពជាមួយកូរ៉េខាងត្បូង ហើយថាប្រទេសរបស់លោកនឹងសរសេររដ្ឋធម្មនុញ្ញឡើងវិញដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងជាសត្រូវ។
ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំមុនបានអះអាងថាបានសាកល្បងយន្តហោះគ្មានមនុស្សបើកចំនួនពីរដង ដោយបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការវាយប្រហារលួចលាក់ និងបំផ្លាញសត្រូវជាមួយនឹង«រលកយក្សស៊ូណាមិវិទ្យុសកម្ម»ដែលបង្កើតឡើងដោយការផ្ទុះនៅក្រោមទឹក។
កាលពីរដូវក្ដៅឆ្នាំមុន កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបជាបន្តបន្ទាប់ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រខាងកើត ហើយត្រូវបានចាត់ទុកថាជាការរំលោភយ៉ាងច្បាស់លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូក្នុងសប្តាហ៍នេះ បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលពាក់ព័ន្ធនឹងនាវាចម្បាំងចំនួនប្រាំបួន រួមទាំងនាវាផ្ទុកយន្តហោះ USS Carl Vinson នៅឯឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង។ សម្ព័ន្ធមិត្តបានប្រកាសសមយុទ្ធនេះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសាកល្បងកាំជ្រួចឥន្ធនៈរឹងថ្មីមួយដែលបំពាក់ជាមួយនឹងក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេងផងដែរ៕
ប្រភព៖ aljazeera
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS