ប្រទេសចិន៖ យោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា
ចំនួនអ្នកស្លាប់ដោយសារកប់នៅក្រោមបំណាក់ដី នៅទីក្រុង Zhaotong ខេត្តយូណាន ប្រទេសចិន បានកើនឡើងដល់ ២០ នាក់ហើយ ហើយមនុស្ស ២៤ នាក់នៅតែបាត់ខ្លួន ខណៈការស៊ើបអង្កេតបឋមបង្ហាញថា មូលហេតុបណ្តាលមកពីការបាក់ច្រាំងថ្មចោត ។
ទីភ្នាក់ងារ Xinhua បាននិយាយដោយដកស្រង់សំដីអាជ្ញាធរថា បំណាក់ដីមានទំហំប្រហែល ១០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ និងកម្រាស់ជាមធ្យមប្រហែល ៦ ម៉ែត្រ ។ មនុស្សជាង ៥០០ នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយអ្នកជួយសង្គ្រោះជិត ១,០០០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីលោក Xi Jinping បានបញ្ជាឲ្យមានការជួយសង្គ្រោះទាំងអស់នៅក្នុងតំបន់នេះ ខណៈដែលលោកឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Guoqing បានដឹកនាំក្រុមការងារចុះផ្ទាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះ ។
គួរបញ្ជាក់ថា តំបន់ភ្នំដាច់ស្រយាលនៅភាគនិរតីនៃប្រទេសចិន ងាយនឹងរងការបាក់ដីខ្លាំងណាស់ ដោយកាលពីខែមករា ឆ្នាំ២០១៣ មនុស្សយ៉ាងហោចណាស់ ១៨ នាក់បានស្លាប់ក្នុងការបាក់ដីនៅក្នុងទីក្រុងដដែលនេះផងដែរ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS