បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ នៅថ្ងៃសៅរ៍នេះថា មនុស្សជាង៣០០នាក់ ត្រូវបានកប់ទាំងរស់ និងផ្ទះជាង ១.១០០ ខ្នងរងការខូចខាតទាំងស្រុង ដោយការរអិលបាក់ដីដ៏ធំមួយនៅភូមិដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសប៉ាពួញូហ្គីណេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។
មនុស្សរាប់រយនាក់ត្រូវ បានគេសង្ស័យថាបានស្លាប់ នៅក្នុងការបាក់ដី ដែលបានវាយប្រហារភូមិ មួយក្នុងខេត្ត Enga ចម្ងាយប្រហែល៦០០គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី Port Moresby ប្រហែលម៉ោង៣ព្រឹក។ កាសែត Papua New Guinea Post Courier បាននិយាយថា ការបាក់ដីនៅក្នុងប្រទេសប៉ាស៊ីហ្វិកភាគខាងជើងនៃប្រទេសអូស្ត្រាលីនេះ បានកប់មនុស្សជាង ៣០០នាក់ និងផ្ទះ១,១៨២ខ្នង។
សារព័ត៌មាន អូស្រ្តាលី បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា សាកសពមនុស្សចំនួន៤ ត្រូវបានគេយកចេញពីតំបន់នោះ បន្ទាប់ពីក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់នោះ ខណៈដែលចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើង។ ក្រុមអ្នកសង្គ្រោះបន្ទាន់ ត្រូវបានគេដាក់ពង្រាយទៅកាន់ទីតាំង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយការខូចខាតដល់ផ្លូវហាយវេដ៏សំខាន់មួយ ដែលកំណត់ការចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់នោះ។
នាយករដ្ឋមន្ត្រី James Marape បាននិយាយថា មន្ត្រីគ្រោះមហន្តរាយ កងកម្លាំងការពារ និងនាយកដ្ឋានការងារ និងផ្លូវហាយវេ កំពុងជួយជាមួយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ។
គួរបញ្ជាក់ថា ប៉ាពួញូហ្គីណេ ជាប្រទេសដែលសម្បូរទៅដោយធនធានមនុស្សប្រមាណ ១០លាននាក់។ ប៉ុន្តែសេដ្ឋកិច្ចរបស់ខ្លួន បានតាមពីក្រោយប្រទេសជិតខាងរបស់ខ្លួនជាយូរមកហើយ ហើយប្រទេសនេះមានអត្រាឧក្រិដ្ឋកម្មខ្ពស់បំផុតមួយនៅក្នុងពិភពលោកផងដែរ៕ បកប្រែសម្រួលដោយលោក៖ នង ណារិន
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS