បរទេស៖ យោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទូនៅអៀរឡង់ខាងជើង បានរកឃើញគ្រោងឆ្អឹងរបស់ក្មេងប្រុសជំទង់ម្នាក់ ដែលមានអាយុកាលរហូតដល់ទៅ ២,៥០០ ឆ្នាំ មានទាំងឆ្អឹង ស្បែក និងក្រលៀន ដែលជាការរកឃើញដ៏កម្រអាចបំភ្លឺដល់ប្រវត្តិសាស្រ្តបុរាណ ក្នុងតំបន់នេះ ។
គ្រោងឆ្អឹងនេះត្រូវបានរកឃើញនៅក្នុងទីតាំងដីសើមដែលអាចជួយរក្សាសារធាតុសរីរាង្គ នៅក្នុងភូមិ Bellaghy បន្ទាប់ពីអ្នកបុរាណវិទូបានទទួលដំណឹងនៅក្នុងខែតុលាអំពីវត្តមាន នៃឆ្អឹងសាកសពសផុសឡើង ។ វាជាការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលដែលគ្រោងឆ្អឹងនេះក៏នៅមានវត្តមានស្បែកផ្នែកខ្លះ ក្រចកដៃ ក្រចកជើង និងក្រលៀន។
លោក Nikki Deehan អ្នកបុរាណវិទូម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ដំបូងឡើយប៉ូលិសមិនប្រាកដថាតើគ្រោងឆ្អឹងសាកសពនេះមានអាយុថ្មីៗឬយ៉ាងណានោះទេ ប៉ុន្តែការត្រួតពិនិត្យដោយសារធាតុវិទ្យុសកម្មដែលមាននៅលើគ្រោងឆ្អឹងបានបង្ហាញថា ពេលវេលានៃការស្លាប់គឺស្ថិតនៅចន្លោះពី ២,០០០ ទៅ ២,៥០០ ឆ្នាំមុន ។
ការរកឃើញនេះរួមមានឆ្អឹងជើងឆ្វេង និងដៃស្តាំអាចជាបុរសដែលស្លាប់នៅអាយុចន្លោះពី ១៣ ទៅ ១៧ ឆ្នាំ ហើយវានឹងត្រូវបានផ្ទេរទៅកាន់សារមន្ទីរដើម្បីពិនិត្យ និងថែរក្សាបន្ថែម។
គួរបញ្ជាក់ថា ការរកឃើញនេះគឺជាតម្រុយដ៏សំខាន់មួយជាប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់នេះ ហើយវាក៏ជាការរកឃើញផ្នែកបុរាណវត្ថុនៃសាកសពអណ្តែតទឹកនៅទូទាំងទ្វីបអឺរ៉ុបផងដែរ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS