អន្តរជាតិ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជឿជាក់ថា រុស្ស៊ីប្រហែលជាកំពុងអភិវឌ្ឍអាវុធដែលមានមូលដ្ឋានលើលំហរអវកាសបំពាក់ដោយថាមពលនុយក្លេអ៊ែ ដើម្បីបិទឬរំខានសញ្ញាផ្កាយរណប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សេតវិមានបានបញ្ជាក់ជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈថា រុស្ស៊ីមានអាវុធប្រឆាំងផ្កាយរណប ប៉ុន្តែថា វាមិនអាចធ្វើឱ្យមានការបំផ្លិចបំផ្លាញលើផែនដីដោយផ្ទាល់បានទេ។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា មន្ត្រីស៊ើបការណ៍សម្ងាត់អាម៉េរិក មានព័ត៌មានថារុស្ស៊ីទទួលបានសមត្ថភាព ប៉ុន្តែអាវុធបែបនេះ មិនទាន់ដំណើរការនៅឡើយ។
មន្ត្រីសហរដ្ឋអាម៉េរិកកំពុងវិភាគព័ត៌មានដែលពួកគេមានលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ហើយបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូលើបញ្ហានេះ។ លោក ឃឺប៊ី បាននិយាយថា៖«សមត្ថភាពនេះគឺផ្អែកលើលំហ ហើយនឹងបំពានលើសន្ធិសញ្ញាអវកាសអន្តរជាតិ ដែលប្រទេសជាង ១៣០ បានចុះហត្ថលេខា រួមទាំងរុស្ស៊ីផងដែរ»។
សន្ធិសញ្ញាហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកគ្រប់ប្រភេទនៅក្នុងគន្លងតារាវិថី ឬស្ថានីយក្នុងលំហអាកាសក្នុងលក្ខណៈផ្សេងទៀត។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ជេក ស៊ូលីវ៉ាន់ បានផ្តល់បទសម្ភាសដល់សមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ស្តីពីការគំរាមកំហែងរបស់រុស្ស៊ី។
បើដូចការលើកឡើងរបស់សហរដ្ឋអាម៉េរិក ឧបករណ៍ប្រឆាំងផ្កាយរណបរបស់រុស្ស៊ីអាចបណ្តាលឱ្យមានអំពើអាក្រក់គ្រប់ប្រភេទដូចជា ធ្វើឱ្យខូចទំនាក់ទំនង ការឃ្លាំមើល ការស៊ើបការណ៍សម្ងាត់ និងបញ្ជា និងការគ្រប់គ្រងជុំវិញពិភពលោក រួមទាំងនៅក្នុងផ្នែកនុយក្លេអ៊ែរ។ អ្នកជំនាញលើកឡើងថា សហរដ្ឋអាម៉េរិកមិនមានសមត្ថភាពទប់ទល់នឹងអាវុធបែបនេះទេ។
គួរជម្រាបថា រុស្ស៊ី និងសហរដ្ឋអាម៉េរិក គឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុត ដែលរួមគ្នាកាន់កាប់អាវុធនុយក្លេអ៊ែរប្រហែល៩០ភាគរយនៃពិភពលោក។ មហាអំណាចទាំងពីរក៏មានផ្កាយរណបយោធាកម្រិតខ្ពស់ផងដែរ ដែលធ្វើដំណើរជុំវិញផែនដី៕
ប្រភព៖ Al Jazeera
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS