បរទេស៖ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រជាជនប៉ាឡេស្ទីនកំពុងស្លាប់ជារៀងរាល់ថ្ងៃ នៅក្នុងមន្ទីរពេទ្យហ្កាហ្សា ខណៈអ្នករបួសប្រមាណ៦ម៉ឺននាក់នៅមិនទាន់អាចព្យាបាលបាន និងអ្នករបួសរាប់រយនាក់បន្តកើនឡើងបន្ថែមទៀតក្នុងការវាយប្រហារឥតសំចៃដៃរបស់យោធាអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC NEWS នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
ជាមួយគ្នានេះ គ្រូពេទ្យ និងគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិបានហៅស្ថានភាពក្នុងមន្ទីរពេទ្យនៅហ្កាហ្សាដា «ស្ថានភាពធ្ងន់ធ្ងរបំផុតដែលគេមិនធ្លាប់ឃើញ»។
អ្នកជំនាញសុខាភិបាល ពីរនាក់ដែលទើបចាកចេញពីមន្ទីរពេទ្យនៅតំបន់ហ្កហ្សាបានពណ៌នាថា វេជ្ជបណ្ឌិតដ៏ច្រើនលើសលប់កំពុងព្យាយាមជួយសង្គ្រោះជីវិតអ្នករបួសរាប់ពាន់នាក់ ចំពេលមន្ទីរពេទ្យប្រែក្លាយទៅជាជំរំជនភៀសខ្លួនទៅហើយ។
យ៉ាងណាមិញ ស្ថានភាពដ៏កាន់តែយ៉ាប់យ៉ឺននិងគួរឱ្យរន្ធត់នៅក្នុងមន្ទីរពេទ្យ ខណៈមនុស្សម្នារដេកដួលស្កេកស្កះពេញមន្ទីរពេទ្យ ដោយខ្លះនៅក្នុងបន្ទប់វះកាត់ ច្រកចូល និងនៅតាមជណ្តើរក៏មានដែរ។
គួរបញ្ជាក់ថា ហ្គាហ្សាជាប្រវត្តិសាស្ត្រមានប្រព័ន្ធសុខភាពដ៏រឹងមាំជាមួយនឹងមន្ទីរពេទ្យចំនួន ៣៦កន្លែង បុគ្គលិកសុខាភិបាល ២៥០០០នាក់ និងអ្នកឯកទេសជាច្រើននាក់ ប៉ុន្តែ៨៥ភាគរយនៃប្រជាជន ២,៣លាននាក់ ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ ហើយក្នុងនោះក៏រួមមានទាំងបុគ្គលិកសុខាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា គ្រូពេទ្យវះកាត់ និងបុគ្គលិករដ្ឋបាលផងដែរ៕
ប្រភព៖ ABC NEWS
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS