ព័ត៌មានអន្តរជាតិ

គីម ជុងអ៊ុន ថា កូរ៉េខាងជើង លែងចង់ផ្សះផ្សាជាមួយកូរ៉េខាងត្បូងទៀតហើយ ចំពេលភាពតានតឹងកាន់តែអាក្រក់ទៅៗនៅក្នុងឧបទ្វីបកូរ៉េ

16-Jan-2024 573 views

កូរ៉េខាងជើង៖ ​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក នឹងមិនបន្តការផ្សះផ្សាជាមួយកូរ៉េខាងត្បូងទៀតទេ ហើយបានអំពាវនាវឱ្យសរសេររដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើងឡើងវិញ ដើម្បីលុបបំបាត់គំនិតនៃភាពជារដ្ឋរួមគ្នារវាងប្រទេសដែលបែកបាក់ដោយសារសង្រ្គាមទាំងពីរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃអង្គារទី ១៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសុន្ទរកថាទៅកាន់សភា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម បាននិយាយថា វាគឺជាសេចក្តីសន្និដ្ឋានចុងក្រោយរបស់លោកដែលថា ការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងគឺមិនអាចមានទៀតទេ ខណៈមេដឹកនាំរូបនេះចោទប្រកាន់រដ្ឋធានីសេអ៊ូលជុំវិញការស្វែងរកការផ្តួលរលំរបបក្រុងព្យុងយ៉ាង និងការព្យាយាមបង្រួបបង្រួមតាមរយៈកម្លាំងយោធា។ បន្ថែមពីនោះ មេដឹកនាំកូរ៉េខាងជើង បានលើកឡើងថា រដ្ឋធម្មនុញ្ញគួរតែត្រូវបានធ្វើវិសោធនកម្ម ដើម្បីអប់រំប្រជាជនកូរ៉េខាងជើងថា កូរ៉េខាងត្បូងគឺជាសត្រូវចម្បងដែលមិនអាចផ្លាស់ប្ដូរបាន ហើយកំណត់ទឹកដីកូរ៉េខាងជើងថាដាច់ដោយឡែកពីកូរ៉េខាងត្បូង។ ចំណាត់ការនេះកើតឡើងនៅពេលដែលភាពតានតឹងកាន់តែអាក្រក់ទៅៗនៅក្នុងឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ ចំពេលរដ្ឋធានីព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់។

លោក គីម បន្ថែមថា កូរ៉េខាងជើងក៏គួរតែរៀបចំផែនការសម្រាប់ការកាន់កាប់ គ្រប់គ្រង និងដណ្តើមយកមកវិញនូវកូរ៉េខាងត្បូងទាំងស្រុង នៅក្នុងព្រឹត្តិការណ៍នៃសង្រ្គាម ហើយប្រជាជនកូរ៉េខាងត្បូងក៏មិនគួរត្រូវបានហៅថាជាជនរួមជាតិទៀតដែរ ដោយលោក គីម បានអំពាវនាវឱ្យមានការផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងអស់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបន្ថែមថា អង្គការចំនួនបីដែលទាក់ទងនឹងការបង្រួបបង្រួម និងទេសចរណ៍អន្តរកូរ៉េក៏នឹងត្រូវបិទផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ អំឡុងសុន្ទរកថានៅឯសភា លោក គីម បានស្តីបន្ទោសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយលើកឡើងពីសមយុទ្ធយោធារួមគ្នារបស់ពួកគេ ការដាក់ពង្រាយយោធាជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក និងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយប្រទេសជប៉ុន ជាការប្រែក្លាយឧបទ្វីបកូរ៉េទៅជាតំបន់ហានិភ័យសង្គ្រាមដ៏គ្រោះថ្នាក់។

មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុក បានរំឭកឡើងវិញថា កូរ៉េខាងជើងមិនមានចេតនាចង់ចាប់ផ្តើមសង្រ្គាមដោយឯកតោភាគីនោះទេ ប៉ុន្តែក៏មិនមានចេតនាដើម្បីជៀសវាងវាផងដែរ។ លើកឡើងពីកម្មវិធីនុយក្លេអ៊ែរយោធាដែលកំពុងកើនឡើង លោកបាននិយាយថា ជម្លោះនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនឹងបញ្ចប់អត្ថិភាពរបស់កូរ៉េខាងត្បូង និងនាំមកនូវគ្រោះមហន្តរាយ និងការបរាជ័យដែលមិនអាចនឹកស្មានដល់ដល់សហរដ្ឋអាម៉េរិក។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ យូន ស៊ុកយុល (Yoon Suk Yeol) អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅរដ្ឋធានីសេអ៊ូលបាននិយាយថា ការអត្ថាធិប្បាយរបស់លោក គីម បង្ហាញពីលក្ខណៈប្រឆាំងជាតិ និងប្រឆាំងប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលព្យុងយ៉ាង។ លោក យូន បាននិយាយថា កូរ៉េខាងត្បូងកំពុងរក្សាការត្រៀមខ្លួនការពារយ៉ាងរឹងមាំ ហើយនឹងដាក់ទណ្ឌកម្មកូរ៉េខាងជើងប្រសិនបើហ៊ានបង្កហេតុ។ ប្រមុខរដ្ឋកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា៖«យុទ្ធសាស្ត្រសន្តិភាពក្លែងក្លាយរបស់កូរ៉ខាងជើង ដែលគំរាមកំហែងយើងក្នុងការជ្រើសរើសរវាង សង្រ្គាមនិងសន្តិភាពលែងដំណើរការទៀតហើយ»៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS