សៀងហៃ៖ មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និងយ៉ាងតិច៦នាក់ទៀតបាត់ខ្លួនបន្ទាប់ពីមានឧបទ្ទវហេតុមួយកើតឡើងនៅកន្លែងជីកយកធ្យូងថ្មនៃទីក្រុងភីងទីងសាន (Pingdingshan) ស្ថិតនៅប្រទេសចិនភាគកណ្ដាល។ នេះបើយោងតាមការជូនដំណឹងពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់មូលដ្ឋាន។ ទីភ្នាក់ងារនេះសន្យាថានឹងបន្តស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះ ហើយនឹងត្រួតពិនិត្យកន្លែងយកធ្យូងថ្មនៅទូទាំងទីក្រុងនេះដើម្បីធានាសុវត្ថិភាព។
ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយប្រចាំទីក្រុងភីងទីងសានថ្លែងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថាគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង២:៥៥រសៀលថ្ងៃសុក្រ នៅពេលធ្យូងថ្ម និងឧស្ម័នផ្ទុះឡើងព្រមៗគ្នានៅក្នុងអណ្ដូងរ៉ែ។ គិតត្រឹមម៉ោង៣រសៀលថ្ងៃសៅរ៍ គេដឹងថាមនុស្ស១០នាក់បានស្លាប់ហើយតាមរយៈសាកសពដែលគេរកឃើញ។ ចំណែកមនុស្ស៦នាក់ទៀតមិនទាន់ដឹងថាស្លាប់ ឬរស់នៅឡើយទេព្រោះរកពួកគេមិនទាន់រកឃើញ។ ដូចនេះ គេចាត់ទុកថាជាអ្នកបាត់ខ្លួន។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថាខ្លួនត្រៀមដាក់ចេញផែនការដ៏ហ្មត់ចត់ដើម្បីជួយរំដោះអ្នកបាត់ខ្លួនទាំងនោះ (បើពួកគេនៅរស់) ហើយនឹងត្រៀមស៊ើបអង្កេតអំពីមូលហេតុនៃគ្រោះថ្នាក់នេះ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរជាផ្លូវការរបស់ប្រទេសចិនផ្សាយថានៅពេលកើតហេតុនោះមានមនុស្សប្រមាណ៤២៥នាក់កំពុងធ្វើការនៅក្នុងស្រទាប់ដីផ្នែកខាងក្រោម។ មិនដឹងជម្រៅប៉ុន្មានម៉ែត្រចុះទៅក្រោមនោះទេ៕
ប្រភព៖ Channel News Asia
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS