អ៊ីស្រាអែល៖ យោងតាមការចុះផ្សាយរបស់កាសែតអាមេរិក Washington Post នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសោរ៍ថា គ្មាននរណាម្នាក់អាចមកបង្អាក់ ឬបញ្ឈប់អ៊ីស្រាអែលមិនឲ្យសម្រេចបាននូវជ័យជម្នះក្នុងភ្លើងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។
លោក Netanyahu បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាតិ ស្របពេលភ្លើងសង្គ្រាមនៅហ្គាហ្សាចាយពេលដល់ថ្ងៃទី ១០០ ថា “គ្មាននរណាម្នាក់អាចមកបញ្ឈប់យើងពីភ្លើងសង្គ្រាមមួយនេះឡើយ មិនថាតុលាការក្រុងឡាអេ ឬសភាវអាក្រក់ណាមួយឡើយ គឺគ្មាននរណាម្នាក់មកបង្អាក់ផែនការជ័យជម្នះរបស់យើងឡើយ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ពាក្យសម្ដីផ្លែផ្ការបស់លោក Netanyahu គឺសំដៅទៅលើសំណុំរឿងក្ដីក្ដាំអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ក្រោយរងការចោទប្រកាន់ពីសំណាក់អាហ្វ្រិកខាងត្បូង និងសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅជុំវិញមជ្ឈិមបូព៌ា ។
ទន្ទឹមនោះ លោក Netanyahu នៅតែចិញ្ចឹមចិត្តរបស់លោកដដែលថា អ៊ីស្រាអែលនឹងមិនបន្ថូរដៃប្រយុទ្ធនោះទេ រហូតដល់ប្រទេសនេះសម្រេចបានផែនការទាំងអស់របស់ខ្លួន ពោលគឺការកម្ចាត់ក្រុមហាម៉ាស និងជួយរំដោះឈ្លើយសឹកទាំងអស់ត្រលប់មកវិញ ក៏ដូចជាធានាដល់តំបន់ហ្គាហ្សាមិនឲ្យកើតមានការគំរាមកំហែងដល់អ៊ីស្រាអែលទៀតឡើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៣,៨០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦០,៣០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS