ប្រទេសរុស្ស៊ី៖ ប្រភពពីសារព័ត៌មាន The Moscow Times បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីកាលពីថ្ងៃសៅរ៍បានបើកការវាយប្រហារខ្នាតធំដោយបាញ់មីស៊ីលស្រោចដូចទឹកភ្លៀងប្រមាណ ៤០ គ្រាប់ទៅលើប្រទេសអ៊ុយក្រែន ខណៈ ៦ គ្រាប់ជាប្រភេទមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ។
ទោះយ៉ាងណា កងទ័ពអាកាសអ៊ុយក្រែនក៏បានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៨ គ្រាប់ និងប្រើបច្ចេកវិទ្យាអេឡិចត្រូនិកទាញបង្វែរមីស៊ីលជាង ២០ គ្រាប់ផ្សេងទៀតឲ្យហោះខុសគោលដៅផងដែរ ។ កងទ័ពអ៊ុយក្រែនបញ្ជាក់ទៀតថា សព្វាវុធដែលរុស្ស៊ីបាញ់មករួមមាន មីស៊ីលបាញ់នាំផ្លូវ មីស៊ីលផ្លោងបាលីស្ទិក មីស៊ីលប្រឆាំងយន្តហោះ និងយន្តហោះដ្រូនផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Kyiv Independent ក៏បានរាយការណ៍ដែរថា ស្ទើរតែគ្រប់តំបន់ទាំងអស់របស់អ៊ុយក្រែនស្ថិតនៅក្រោមការប្រកាសអាសន្នផ្លូវអាកាស ខណៈដែលយន្តហោះចម្បាំងរុស្ស៊ីបានបាញ់មីស៊ីលឆ្លងពីសមុទ្រ Caspian ហោះឆ្ពោះទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែន ។
សំឡេងផ្ទុះចេញពីគ្រាប់មីស៊ីលត្រូវបានគេឮនៅក្នុងតំបន់ទីក្រុងកៀវ តំបន់ Dnipropetrovsk ភាគខាងកើត និងតំបន់ Kirovohrad ភាគកណ្តាលប្រទេស ខណៈនៅក្នុងតំបន់ Kherson វិញ អាជ្ញាធរបាននិយាយថា មនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីកាំភ្លើងធំជាង ៤០០ គ្រាប់ត្រូវបានបាញ់ចេញពីកាណុងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃសៅរ៍ ។
គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈលោកប្រធានាធិបតី Volodymr Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS