ទីក្រុងតូក្យូ៖ នៅប្រទេសជប៉ុន នៅពេលក្រុមអ្នកស្វែងរក និងជួយសង្គ្រោះខំប្រឹងស្វែងរកអ្នកបាត់ខ្លួនខ្លាំងពេកទៅធ្វើឱ្យមនុស្សបាត់ខ្លួនកាន់តែច្រើន។ ពោលគឺចំនួនអ្នកស្លាប់កើនឡើងដល់១៦៨នាក់, ខណៈដែលមនុស្សបាត់ខ្លួនកើនឡើងដល់ជាង៣០០នាក់។ កាលពីមុននេះ, អ្នកបាត់ខ្លួនថយចុះមកនៅត្រឹមជាង១០០នាក់។ នៅក្នុងស្ថានភាពនេះ ក្រុមការងារដែលចុះប្រតិបត្តិការស្វែងរកពិតជាក្រពុលមុខមិនស្ទើរទេ។ ម៉្យាង ពួកគេត្រូវប្រញឹកដៃស្វែងរកមនុស្ស ទោះរស់ ឬស្លាប់។
ម៉្យាងទៀត ខំប្រឹងយ៉ាងណាក៏ទៅមិនរួចដោយសារស្ថានភាពភូមិសាស្ត្រនៅតំបន់រងគ្រោះកំពុងតែដាក់សម្ពាធទៅលើពួកគេដល់កម្រិតកំពូល។ ឧទាហរណ៍ ផ្លូវធ្វើដំណើរដ៏សែនពិបាក និងដាច់ជាកំណាត់ៗ, មានការបាក់ដី, មានភ្លៀងធ្លាក់ខ្លាំងទាំងយប់ទាំងថ្ងៃធ្វើឱ្យបែកភក់ប៉ប៉ិចប៉ប៉ាច់ និងមានការរញ្ជួយដីតូចៗជាច្រើនករណី។ ឥឡូវនេះឮថាមានធ្លាក់ទឹកកកថែមទៀត។
ទោះបីហេតុកាណ៍រញ្ជួយដីបានកន្លងផុតទៅមួយអាទិត្យហើយក្ដី ហើយតំបន់រងគ្រោះភាគច្រើនមានភ្លើងអគ្គិសនីប្រើប្រាស់ឡើងវិញ ប៉ុន្តែអ្នករស់នៅតំបន់ខ្លះនៃខេត្តអ៊ីស៊ីកាវ៉ាមិនមានសំណាងបែបនេះទេ។ មនុស្សយ៉ាងតិច២៣០០នាក់រស់នៅក្នុងស្ថានភាពងងឹតសូន្យក្នុងស្បៃអន្ធការដោយសារដាច់ភ្លើង។ ជាពិសេស អ្នករស់នៅទីក្រុងវ៉ាជីម៉ា និងស៊ូហ៊្សូ។ មូលហេតុដោយសារស្ថានភាពផ្លូវធ្វើដំណើរពិបាកខ្លាំងពេក (ធ្វើឱ្យអ្នកតភ្លើងមិនអាចចុះទៅទីនោះបាន)៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS