ព័ត៌មានជាតិ

ពុទ្ធោ! បាក់ច្រាំងទន្លេសង្កត់ទូក បាត់ខ្លួនម្នាក់រកមិនទាន់ឃើញ ខណៈ៣នាក់ទៀតរបួសធ្ងន់ស្រាល!

11-Dec-2024 246 views

ខេត្តកណ្តាល ៖ មនុស្សម្នាក់ បានបាត់ខ្លួនចូលក្នុងទន្លេ រកមិនទាន់ឃើញ ខណៈ៣នាក់ទៀតរបួសធ្ងន់ស្រាល ក្នុងករណី បាក់ច្រាំងទន្លេ សង្កត់ទូក ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល និងកើតឡើងនៅវេលាម៉ោង ៤ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៤នេះ ចំណុចដេប៉ូលខ្សាច់ ភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលVITHEY NEWS ទទួលបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ក្នុងករណីបាក់ច្រាំងទន្លេ សង្កត់ទូកនេះ រួមមាន ៖

១.ឈ្មោះ​ ឈួន​ ឈុន​ ភេទប្រុស​ អាយុ​៤៥ឆ្នាំ​ មុខរបរអាជីវកម្មបូមខ្សាច់​ រស់នៅភូមិឬស្សីចារ​ ឃុំថ្មគ្រែ​ ស្រុក​ចិត្របុរី​ ខេត្ត​ក្រចេះ​ (ម្ចាស់ទូក)

២.ឈ្មោះ​ សឿ​ សឹង​ ភេទ ប្រុស អាយុ២៥ ឆ្នាំ មុខរបរកម្មករទូក រស់នៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (បាត់ខ្លួនក្នុងទន្លេ)

៣.ឈ្មោះ ឃិន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបារាយ ឃុំកពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ(របួសស្រាល)

៤.ឈ្មោះ ឃុន ភេទប្រុស អាយុ៣៣ នៅភូមិបារាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ (របួសធ្ងន់) ។

ប្រភពដដែលបានបញ្ជាក់ថា ដំបូងឡើយ នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៤ មាន ទូកដឹកខ្សាច់១គ្រឿង រួមដំណើរគ្នា០៤នាក់ ដែលជាជនរងគ្រោះខាងលើ

បានដឹកខ្សាច់មកឲ្យម្ចាស់សិប្បកម្មលក់ខ្សាច់ ឈ្មោះ ហេង វុទ្ធា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិព្រែកតាបែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ។​ លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ព្រឹក ស្រាប់តែមានហេតុការណ៍ ច្រាំងទន្លេបានបាក់សង្កត់ទូក បណ្តាលឲ្យបាត់មនុស្សម្នាក់ និង០៣នាក់ទៀតរងរបួសធ្ងន់ស្រាល បែបនេះតែម្តង ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS