ព័ត៌មានជាតិ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំកខែកក្កដា និងលើកទិសដៅបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៥ របសមន្ទីរប្រឆាំងគ្រឿងញៀន

08-Aug-2025 259 views

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំកខែកក្កដា និងលើកទិសដៅបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៥ របសមន្ទីរប្រឆាំងគ្រឿងញៀន

រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត សម្រាប់ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ ទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ និងមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានចូលរួមអបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែសីហា។

ឯកឧត្ដមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំឱ្យថ្នាក់ដឹកនាំតាមបណ្ដាការិយាល័យត្រូវគ្រប់គ្រងវត្តមានមន្ត្រីឲ្យបានច្បាស់លាស់ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិឱ្យកាន់តែទូលំទូលាយ ពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសជិតខាង ដើម្បីធានានូវគុណភាព ប្រសិទ្ធភាព ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកតាមរយៈយន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLO) ព្រមទាំងត្រូវបន្តជំរុញការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ដើម្បីឈានទៅកសាងភូមិ “ស” គ្មានគ្រឿងញៀននៅតាមតំបន់ព្រំដែន។ ហេតុនេះហើយលោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងទទួលផែន និងមន្ត្រីជំនាញនគរបាលយុត្តិធម៌ ដែលប្រចាំការនៅតាមបណ្ដាខេត្តជាប់ព្រំដែន ទិសឦសាន្ត ត្រូវយកចិត្តទុកដាក់សហការជាមួយខេត្ត ជាមួយវរព្រំដែន ល្បាតនៅតាមគោលដៅហានិភ័យ ត្រូវបង្កើនសកម្មភាពស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន សំដៅលុបបំបាត់គ្រឿងញៀនចេញពីកម្ពុជា ហើយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ជំនាញរបស់មន្រ្តីនគរបាលយុត្តិធម៌ និងមិនត្រូវពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន ឬការពារឧក្រិដ្ឋជននោះឡើយ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្ថែមថា ពាក់ព័ន្ធនៅរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងទទួលផែន នាយការិយាល័យ ត្រូវបន្តការងារប្រចាំថ្ងៃរបស់ខ្លួន បង្កើនការស្រាវជ្រាវ បង្ក្រាបបទល្មើសនៅតាមទីតាំងដូចជា ក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន សំដៅលុបបំបាត់តំបន់ចែកចាយគ្រឿងញៀន។ បង្កើនការអប់រំ រំលឹកដល់មន្ត្រីអនុវត្តច្បាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន និងបញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានកោតសរសើរដល់មន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍ តាមបញ្ជាថ្នាក់ដឹកនាំ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិន័យនគរបាលជាតិកម្ពុជា តែទន្ទឹមនឹងបំពេញការងារបានល្អនេះ ក៏នៅមានមន្រ្តីមួយចំនួនតូចធ្វើកិច្ចការមិនទាន់ល្អ ដូច្នេះសូមឲ្យកែប្រែជាបន្ទាន់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរ ក៏បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងដែលមានតួនាទីដឹកអំណោយដូចជា អង្ករ ត្រីខ ត្រីងៀត គោងៀត ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ និងថវិកា យកទៅចែកជូនវរកងទ័ពជួរមុខ និងជនភៀសសឹក ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS