ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។
គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងសេវាគ្រប់គ្រងអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និងកម្ពុជា។