រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើករម៉កដឹកឈើបន្ទះ បុកផ្ទប់ជាមួយរថយន្តព្រូស កំពុងតែបត់ស្តុបខៀវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងម្ខាង បាក់ឆ្អឹងដងកាំបិត ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6144 ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ ស្តុបខៀវ គាត់ក៏បានបត់រថយន្តមកឆ្វេងចូលផ្លូវខាងត្បូងផ្សារអ៊ីអន៣ ស្រាប់តែមានរម៉កដឹកឈើបន្ទះខាងលើ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បុកផ្ទប់រថយន្តរបស់គាត់ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងម្ខាង បាក់ឆ្អឹងដងកាំបិត ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នេះបើតាមការបញ្ជាក់ពីសាច់ញាតិអ្នកបើករម៉ក ។ ចំណែករថយន្តវិញ ធ្លាក់កាងខាងក្រោយ និងបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ បានចុះមកសម្រួលចរាចរណ៍និងពិនិត្យ តែដោយសារករណីនេះ កើតឡើងក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ ក៏ប្រគល់ករណីខាងលើ ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងឯក និងជំនាញចរាចរណ៍ ធ្វើការវាស់វែង យករម៉កនិងរថយន្តអែបខាង ទុកពេលឲ្យដោះស្រាយគ្នាសិន បើមិនត្រូវទេនឹងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ អែលវិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS