រាជធានីភ្នំពេញ ៖ ម៉ូតូរបស់សិស្សសាលាទួលអំពិល ចំនួន២គ្រឿង មួយឆ្លង មួយមកត្រង់ សង្ស័យបាំងរថយន្ត បុកពេញទំហឹង បណ្តាលឲ្យភាគីអ្នកជិះម៉ូតូធូដេ ជាសិស្សស្រីរងរបួសសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនតាមរថយន្តសាមុយ យកទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត ១០ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ២១៧ ច្រកចូលបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញម៉ូតូរបស់ក្មេងប្រុសសិស្សសាលាទួលអំពិល ម៉ាកប៊ីត ពាក់ស្លាកលេខ ភ្នំពេញ 1JT-6316 បើកបរដោយតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចច្រកចូលបុរីកម្មករ ម៉ូតូនេះបានបត់ឆ្លងផ្លូវ លិចទៅកើត ជិតផុតទៅហើយ ស្រាប់តែមានម៉ូតូម៉ាក ធូដេ ពាក់ស្លាកលេខ ភ្នំពេញ 1JR-2612 ជិះដោយសិស្សសាលាទួលអំពិលដូចគ្នាជាស្រី មកត្រង់ ទិសដៅពីត្បូងមកជើង សង្ស័យបាំងរថយន្តមើលមិនឃើញ បានមកបុកចំម៉ូតូម៉ាកប៊ីត ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យភាគីអ្នកជិះម៉ូតូធូដេ របួសសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនតាមរថយន្តសាមុយ យកទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងឯកបានចុះមកដល់ ធ្វើការបាញ់ថ្នាំគូសវាស និងទុកពេលឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហ៊ានសិន បើមិនត្រូវគ្នាទេ សមត្ថកិច្ចនឹងវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ តែសូមបញ្ជាក់បន្ថែម ក្រោយកើតហេតុ ភាគីខាងឪពុកអ្នកបើកម៉ូតូប៊ីត គាត់ក៏បានទៅមើលក្មេងស្រីអ្នកជិះម៉ូតូធូដេ ដែលរងរបួសដល់មន្ទីរពេទ្យផងដែរ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS