រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខណៈប្រទះឃើញសាកសព ចំនួន ២ បានអណ្តែតក្នុងពេលតែមួយ តែនៅទីតាំងផ្សេងគ្នា ម្នាក់អណ្តែតនៅទន្លេបាសាក់ ក្នុងសង្កាត់ចាក់អង្រែលើ ម្នាក់ទៀតអណ្តែតនៅក្នុងទឹកទន្លេបាសាក់ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ផ្អើលសមត្ថកិច្ចជំនាញ ស្រង់ឡើងលើគោក ដើម្បីយកទៅធ្វើកោសល្យវិច័យ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៣រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ មានការប្រទះឃើញសាកសពបុរសម្នាក់ នៅចំណុចក្នុងទឹកទន្លេបាសាក់ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះសព ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស ភិនភាគពិសេសមានស្នាមចាក់សាក់រូបព្រះនៅដើមដៃខាងស្ដាំ, សាក់រូបនាគនៅដើមទ្រូងខាងស្ដាំ, ចាក់សាក់រូបសេះដុះស្លាបនៅខ្នងខាងក្រោយ ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង នៅក្នុងហោប៉ៅខោមានទូរស័ព្ទដៃ១គ្រឿងម៉ាកOPPOចូលទឹកបើកមិនចេញ និងលុយខ្មែរចំនួន៣ម៉ឺនរៀល, ស្ថានភាពឡើងហើមស្អុយរលួយពងបែក របកស្បែក បែកក្រឡាខ្ជឹង ចេញទឹករងៃ មាត់រីក ភ្នែកលៀន នៅក្នុងមាត់ ចុងក្រចកដៃជើងមានកំអែលភក់, ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ មាត់ លើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ ដូច្នេះយោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត និង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារលង់ទឹក ប្រគល់ឲ្យសមត្ថកិច្ចចាត់ចែងបន្ត។
ចំណែកករណីទី២ នៅវេលាម៉ោង១៥នឹង២០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ មានការប្រទះឃើញសាកសពបុរសម្នាក់ទៀត នៅចំណុចក្នុងទឹកទន្លេបាសាក់ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសពពុំស្គាល់អត្តសញ្ញាណ ភេទប្រុស កម្ពស់១,៧៥ម៉ែត្រ, នៅ ក ខាងមុខមានប្រជ្រុយដុះមួយកន្លែងពណ៌ខ្មៅ ដោយមុនពេលកើតហេតុ មានមនុស្សប្រទះសាកសពមនុស្សប្រុសម្នាក់អណ្ដែតទឹក ទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញសាកសពអណ្តែតទឹកមែន ទើបរាយការណ៍ទៅសមត្ថកិច្ចជំនាញ ហើយបានស្រង់សាកសពទៅដាក់តម្កល់នៅវត្តច្បារអំពៅ តាមការពិនិត្យនៅកន្លែងកើតហេតុមិនមានស្លាកស្នាមអ្វីទេ សពគ្មានពាក់អាវ ស្លៀកខោជើងវែងពណ៌គគីរ ស្ថានភាពសាកសពមានសភាពហើម ធំក្លិនស្អុយ ផ្ទៃ មុខ ខ្លួនប្រាណ ដៃជើង ខោ ប្រឡាក់ភក់ ចុងក្រចកដៃ និងជើងមានកំអែលភក់ នៅក្នុងមានដី និងកំអែលភក់, ពេលផ្អៀង និងសង្កត់ពោះមានទឹកហូរចេញតាមច្រមុះ និងមាត់ លើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ។
ដូច្នេះយោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយលង់ទឹក និងប្រគល់ឲ្យនគរបាលប៉ុស្តិ៍ច្បារអំពៅទី១ និងអាជ្ញាធរមូលដ្ឋានដើម្បីបន្តនីតិវិធី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS