ព័ត៌មានជាតិ

ក្រសួងការពារជាតិ សម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ ក្រោយបាញ់មេឃ៥គ្រាប់ ព្រោះទាស់សម្តីជាមួយអ្នកភូមិ

04-May-2024 424 views

យោងតាមផេកផ្លូវការរបស់ ក្រសួងការពារជាតិ បានចេញនូវសេចក្តី ប្រកាសសម្រេចលុបឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបុគ្គលនេះបានបាញ់បោះសេរី កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

សូមរំលឹកថា មន្ត្រីយោធាម្នាក់បាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្រ្តីយោធាដែលបានបាញ់គំរាមនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមការបំភ្លឺរបស់ ជនបង្កបានឲ្យដឹងថា ឆ្លៀតពេលពីការងារ ខ្លួនបានទៅបម្រើការងារផ្នែកសន្តិសុខនៅកន្លែងកំសាន្តយីហោ នឹកX នៅពេលយប់ អស់រយៈពេលប្រហែល០២ខែមកហើយ លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង០៣ និង៤០នាទីនាទីទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ០៤នាក់ រត់ចេញពីផ្លូវច្រកតូច សំដៅមករកខ្លួនមិនដឹងជាមានបំណងអ្វី ខ្លួនក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់ មិនបណ្តាលឲ្យមានរបួសអ្នកណាម្នាក់ឡើយ ពេលនោះក្រុមក្មេងបានរត់បាត់អស់ រួចចាក់សោរទ្វាចូលផ្ទះសំរាក។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានលឺសម្លេងផ្ទុះចំនួន៥គ្រាប់ ចេញពីម្តុំផ្លូវលេខ២៣២ ដោយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមិនហ៊ានចុះពីលើផ្ទះទៅមើលនោះទេ ទើបគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ ភ្លាមៗនោះសម្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋរាយការណ៍ ក៏ប្រទះឃើញសំបកគ្រាប់ចំនួន០៥គ្រាប់ ប្រភេទអាវុធខ្លីម៉ាកCZ P07 ដែលគ្រាប់ទាំងនេះស្ថិតនៅចន្លោះផ្លូវ ក្បែរសំយ៉ាបផ្ទះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកសំបកគ្រាប់នោះទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើបើកការស្រាវជ្រាវរកជនបង្ក និងក្រោយមកក៏បាននាំខ្លួនជនបង្កអនុវត្តតាមនីតិវិធីច្បាប់៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS