រាជធានីភ្នំពេញ ៖ រថយន្ត២គ្រឿង បានរងការខូចខាតទាំងព្រឹក ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊ីណា បុកជាមួយរថយន្តហាយលែនឌ័រ រួចផ្លោងខ្ទាតរថយន្តហាយលែនឌ័រនោះ ទៅបុកខំទ្វារដែកផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាងម៉ោង ជិត៧ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវ ១៩៣ បំបែកជាបួន កែងនឹង ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តស៊ីណា ពាក់ស្លាកលេខ ភ្នំពេញ 2AF-2686 បើកចេញពីផ្លូវ៣២៨ បំបែកជាបួន ក៏បានបុកជាមួយរថយន្តហាយលែនឌ័រ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ-7048 ដែលកំពុងបើកក្នុងទិសដៅ ពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ ១៩៣ ពេញទំហឹង បណ្តាលឲ្យរថយន្តហាយលែនឌ័រនោះ ខ្ទាតទៅចំទ្វារដែកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ សហការជាមួយនគរបាលជំនាញចរាចរណ៍ ចុះមកធ្វើការពិនិត្យវាស់វែង សម្រួលចរាចរណ៍ ដោយភាគីខាងរថយន្តស៊ីណា យល់ព្រមសងសំណងទៅឲ្យខាង រថយន្តហាយលែនឌ័រ ហើយខាងរថយន្តហាយលែនឌ័រ សងសំណងទៅឲ្យខាងម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅទីតាំងកើតហេតុតែម្តង ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS