រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋ មួយគ្រឿង ដាច់ហ្វ្រាំង បុករះរថយន្តឡិចស៊ីស ម៉ូតូកង់បីឥណ្ឌា និងម៉ូតូ របស់អ្នកដំណើរកំពុងជិះតាមដងផ្លូវ ប៉ើងឡើងមកលើខឿនផ្លូវ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បើកបររថយន្តដឹកឥដ្ឋ មួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង មកដល់ត្រង់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី ស្រាប់តែរថយន្តដឹកឥដ្ឋខាងលើបានដាច់ហ្វ្រាំងរ៉េចង្កូតចូលមកឆ្វេងដៃ បណ្ដាលឲ្យបុករះចំរថយន្តឡិចស៊ីស RX300, ម៉ូតូកង់បីឥណ្ឌា និងម៉ូតូ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានអ្នករងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍ បានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះព្រមទាំងម៉ូតូ, ម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS