រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ហ៊ានណាស់ ធ្វើសកម្មភាពលួចម៉ូតូគេទាំងកណ្តាលថ្ងៃត្រង់ ទោះបីជាម្ចាស់ម៉ូតូបានឃើញភ្លាមៗ និងស្រែកឆោឡោថាចោរៗ ផ្អើលទាំងសន្តិសុខ ស្ទាក់វាយដើម្បីចាប់ ក៏ចាប់មិនបាន ដោយសារជនសង្ស័យជិះម៉ូតូលឿនណាស់ គេចខ្លួនបាត់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង ៥០នាទី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ករណីនេះជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1X-3236 របស់ជនរងគ្រោះ រត់គេចខ្លួន។
ចំណែកជនរងគ្រោះមានឈ្មោះ ទៀក លីសា មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅផ្ទះលេខ៣០៩ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1X-3236 មកពីខាងក្រៅ ដើម្បីមកកន្លែងធ្វើការនៅចំណុចកើតហេតុ ដោយបានទុកម៉ូតូនៅខាងមុខហាង ហើយភ្លេចមិនបានដកកូនសោរម៉ូតូចេញនោះទេ រួចក៏ចូលក្នុងហាង ស្រាប់តែមានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ មិនចាំស្លាកលេខ បានជិះមកឈប់នៅខាងមុខហាង ដោយអ្នកឌុបអង្គុយចាំនៅលើម៉ូតូ និងម្នាក់ទៀតចុះមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ស្រមោល ទោះបីជាពួកគាត់បានឃើញភ្លាមៗ និងស្រែកឆោឡោថាចោរៗ ផ្អើលទាំងសន្តិសុខ ស្ទាក់វាយដើម្បីចាប់ ក៏ចាប់មិនបាន ដោយសារជនសង្ស័យជិះម៉ូតូលឿនណាស់ គេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់បណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ ដើម្បីឲ្យសមត្ថកិច្ចជួយបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើយកមកផ្តន្ទាទោស និងស្វែងរកម៉ូតូរបស់គាត់ត្រឡប់មកវិញ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS