រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ជិះម៉ូតូទៅធ្វើការរោងចក្រ ប៉ះជាមួយអ្នកឈប់កង់ បណ្តាលឲ្យដួលខ្ទាតចូលរថយន្តFUSO កិនធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត ។ ចំណែកអ្នកជិះកង់នោះវិញ រងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦:២០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចលើផ្លូវជាតិលេខ៣ ខាងជើងស្ថានីយ៍ប្រេងឥន្ធនៈ តេលា ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជារបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុភាគីរថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-0437 និង ម៉ូតូម៉ាក SUZUKI SMASH V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AD-3036 បើកបរដោយឈ្មោះ អ៊ូ ស៊ីវន ភេទស្រី អាយុ៥១ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង ។ ចំណែកកង់ ជិះដោយឈ្មោះ ឡេង សម្បត្តិ ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកន្ទួត) ឈប់អែបខាងកើតនៃជាយផ្លូវ ពេលមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានមកប៉ះជាមួយអ្នកឈប់កង់នោះបណ្ដាលអោយអ្នកបើកបរម៉ូតូបោកដួលចូលក្រោមកង់រថយន្ត ស្លាប់បាត់បង់ជីវិត និងអ្នកឈប់កង់បោកដួលរងរបួសធ្ងន់តែម្ដង។
ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្ត កង់ និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS