ព័ត៌មានជាតិ

ក្រុមចោរឆក់ កាប់ប្លន់យកម៉ូតូ យ៉ាងសកម្មជាច្រើនករណីក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបបាន១១នាក់

08-Nov-2024 310 views

រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១១នាក់ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសផ្សេងគ្នាអំពើសកម្មភាពកាប់ប្លន់យកម៉ូតូ០២ករណីនិងសកម្មភាពឆក់ទ្រព្រសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម០៥ករណីក្នុងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថាៈកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំហផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធនិងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងចំណោមជនសង្ស័យខាងលើគឺមាន០៤នាក់បានធ្វើសកម្មភាព៖ ទី១.ប្រព្រឹត្តបទល្មើសកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ០១គ្រឿងមិនបានសម្រេច ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរី២០២៤ កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ពួកគេទាំង០៤នាក់នេះត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី០២និងទី៣ខែវិច្ឆិកា ឆ្នាំ២០២៤នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់០១ដើមនិងម៉ូតូម៉ាកហុងដា០១គ្រឿង។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថាៈដោយឡែកករណីទី២ ជនង្ស័យចំនួន០៣នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆក់ទ្រព្រម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈរហូតដល់០៥ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លើកទី១,ពួកវាបានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះមិនបានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូទទួលរងរបួសធ្ងន់នៅចំណុចម្តុំមន្ទីរពេទ្យហុងអិន ផ្លូវលេខ២១៧ភូមិ០៤សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងកាលពីថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤។

លើកទី២,ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះនៅចំណុចមុខផ្ទះលេខ៥២០ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យកាលពីថ្ងៃទី០៣ខែតុលាឆ្នាំ២០២៤។

លើកទី៣,ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គឺ ។

លើកទី៤,ធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះនៅចំណុចមុខមជ្ឈមណ្ឌលផ្តល់ឈាម ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៣ខែកញ្ញាឆ្នា២០២៤

និងលើកទី៥,ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ នៅចំណុចផ្លូវលេខ៧១BT ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤។

លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថា៖ ដោយឡែកជនសង្ស័យចំនួន០៤នាក់ទៀតត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើសកម្មភាពប្រើដាវកាប់ប្លន់ទៅលើជនរងគ្រោះយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមានៈម៉ូតូម៉ាកGPX POPZ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចនោះហើយ៕​

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS