ព័ត៌មានជាតិ

ម្នាក់ឯងទេតែហ៊ានណាស់ ស្ទាក់ពីមុខម៉ូតូរបស់គេដែលកំពុងធ្វើដំណើរ ប្លន់យកម៉ូតូបានសម្រេចជិះរត់បាន១ថ្ងៃ ជាប់ខ្នោះដដែល!

08-Nov-2024 212 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ម្នាក់ឯងទេតែហ៊ានណាស់ ធ្វើសកម្មភាព ស្ទាក់ពីមុខម៉ូតូរបស់គេដែលកំពុងធ្វើដំណើរ រួចប្លន់យកម៉ូតូបានសម្រេចជិះរត់ គេចខ្លួនបានតែ១ថ្ងៃ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ក្រាំងពង្រ និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ស្រាវជ្រាវចាប់ខ្លួនបានមកវិញ ។

ករណីប្លន់នេះ បានកើតឡើងនៅវេលាម៉ោង ៤និង១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ត្រង់ចំណុចស្ពានអាកាស ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យ៉ែម រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកជនសង្ស័យឈ្មោះ វណ្ណ ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្នុងនោះ សម្ភារៈបាត់បង់រួមមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកណ្តាល1H-2470 ចំនួន០១គ្រឿង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខកណ្តាល1H-2470 ចេញពីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីទៅបន្ទប់ជួល ស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ពេលជនរងគ្រោះធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដល់ស្ពានទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ បានស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ពេលជនរងគ្រោះឈប់ម៉ូតូ ជនសង្ស័យក៏បានច្រានជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូ ជនរងគ្រោះដួលទៅលើបង្កាន់ដៃស្ពាន រួចជនសង្ស័យបានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ។

លុះដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩និង១០នាទី សមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើឈ្មោះ វណ្ណ ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងពង្រតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ខណៈបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការបញ្ជូនខ្លួនទៅកាន់ តុលាការហើយ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការតាមនីតិវីធីច្បាប់ ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS