ព័ត៌មានជាតិ

ជាងភ្លើង២នាក់ជិះម៉ូតូឌុបគ្នាសុខៗ ឡានបត់ត្រឡប់ក្រោយអត់ប្រយត្ន័ ម៉ូតូមកដល់បុកប្រ៉ាវ ស្លាប់ម្នាក់ រួចបើករត់បាត់!

08-Nov-2024 322 views

រាជធានីភ្នំពេញ ៖ ជាងភ្លើង២នាក់ជិះម៉ូតូឌុបគ្នា បានបុកជាមួយរថយន្តមិនចាំម៉ាកមួយគ្រឿង ដែលបត់ត្រឡប់ក្រោយ ចាប់ហ្វ្រាំងមិនទាន់ក៏បុកចំពីមុខពេញទំហឹង ស្លាប់ម្នាក់យ៉ាងរន្ធត់ ខណៈម្នាក់ទៀតរបួសស្រាល រួចហើយរថយន្តនោះ បានបន្តល្បឿនគេចខ្លួនបាត់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០:៤៥នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ​ ត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រ(ក្រោយផ្សារអុីអន៣) ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ខណៈម៉ូតូHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1W-7199 អ្នកបើកបរមានឈ្មោះ ឆេង ដាលៀស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព)ឌុបអ្នករួមដំណើរពីក្រោយមានឈ្មោះ ឆេង ថាវ៉ាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) និងរថយន្ត ពុំស្គាល់ម៉ាកនិងផ្លាកលេខ បើកបរស្របទិសគ្នា ក្នុងទិសដៅ កើតទៅលិច ពេលមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ស្របពេលម៉ូតូមកដល់ ក៍បានបុកចំពីមុខពេញមួយទំហឹង បណ្ដាលអោយបោកដួលតែម្ដង ស្លាប់អ្នកបើកម៉ូតូយ៉ាងរន្ធត់ រីឯអ្នកជិះពីក្រោយរបួសស្រាល ។ ចំណែករថយន្តបន្តល្បឿនបើករត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំការស្រាវជ្រាវបន្តរករថយន្តបង្កមកដោះស្រាយគ្នាតាមច្បាប់ និង ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS