រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ សិស្សសាលាពងទឹកម្នាក់ ចេញពីរៀនជិះម៉ូតូជិតដល់ផ្ទះទៅហើយ កំពុងឆ្លងផ្លូវ ត្រូវរថយន្តម៉ាកស៊ីណា បើកបរដោយបុរសជនជាតិចិន ក្នុងល្បឿនលឿន បុកផ្លោងទាំងមនុស្សទាំងម៉ូតូខ្ទាតមកចិញ្ចើមផ្លូវ ស្លាប់យ៉ាងរន្ធត់ ទាំងកណ្តាលថ្ងៃត្រង់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង ១១ថ្ងៃត្រង់ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកជាបួន ក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅទីតាំងកើតហេតុ ក៏ដូចជាប្រជាពលរដ្ឋនៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជា សិស្សសាលាពងទឹកម្នាក់ ចេញពីរៀនជិះម៉ូតូម៉ាកប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-6738 ជិតដល់ផ្ទះទៅហើយ លុះដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏បានជិះឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែមាន ត្រូវរថយន្តម៉ាកស៊ីណា បើកបរដោយបុរសជនជាតិចិន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-0596 ក្នុងល្បឿនលឿន បុកផ្លោងទាំងមនុស្សទាំងម៉ូតូខ្ទាតមកចិញ្ចើមផ្លូវ ស្លាប់យ៉ាងរន្ធត់ ទាំងកណ្តាលថ្ងៃត្រង់ ។ ចំណែកអ្នកបើកបររថយន្តបង្កវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ បញ្ជូនទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ រួមទាំងនគរបាលចរាចរណ៍ខណ្ឌកំបូល និងនគរបាលជំនាញចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS