រាជធានីភ្នំពេញ ៖ រន្ធត់ទាំងព្រឹកតែម្តង ខណៈរថយន្តយីឌុបធន់ធំមួយគ្រឿង បើកលឿនណាស់ មិនដឹងប្រញាប់ទៅណាទេលោកអើយ បានបុករះឡើងខឿនសួនច្បារចែកទ្រូងផ្លូវជាតិលេខ៣ បាក់បង្គោលភ្លើង១ដើម ខ្ទាតរប៉ាត់រប៉ាយ បង្កគ្រោះថ្នាក់ដល់កង់បីមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យ មនុស្សស្រីចំនួន ០៣នាក់ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះង៧០ ៧១១ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ខណៈរថយន្តនោះវិញ បានរេចង្កូតបន្តមកធ្លាក់ចូលប្រឡាយកៀនផ្លូវទើបទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរថយន្តបង្កមានឈ្មោះ សឿន ភ័ក្ត ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។
តាមប្រភពព័ត៌មានពីអ្នកបើកបរកង់បីឥណ្ឌា បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-3623 ចេញពីត្រាំខ្នារ មកភ្នំពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ខាងលើ ពីត្បូងមកជើង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តបង្ករម៉ាក យីឌុប ពាក់ស្លាកលេខ កំពង់ចាម 4A-1637 បើកបរដោយបុរសម្នាក់ លឿនណាស់មិនដឹងប្រញាប់ទៅណាទេលោកអើយ បានបុករះឡើងខឿនសួនច្បារចែកទ្រូងផ្លូវជាតិលេខ៣ បាក់បង្គោលភ្លើង១ដើម ខ្ទាតរប៉ាត់រប៉ាយ បង្កគ្រោះថ្នាក់ដល់កង់បីរបស់គាត់ និងបណ្តាលឲ្យអ្នកជិះកង់បីគាត់ជាមនុស្សស្រី២នាក់ រងរបួសធ្ងន់ ហើយរថយន្តនេះក៏បានបុកប៉ះម៉ូតូសង់ មួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ 1KA-8279 បណ្តាលឲ្យមនុស្សស្រីម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួស សរុបចំនួន ០៣នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្គ្រោះង៧០ ៧១១ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ខណៈរថយន្តនោះវិញ បានរេចង្កូតបន្តមកធ្លាក់ចូលប្រឡាយកៀនផ្លូវទើបទៅមុខលែងរួច ។ រីឯអ្នកបើកបរភ្លាមៗត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ពងទឹក យកទៅសាកសួរភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ធ្វើការវាស់វែង យករថយន្ត ម៉ូតូនិងកង់បី ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS