ព័ត៌មានជាតិ

ធ្លាប់លោតសម្លាប់ខ្លួនម្តងតែម្នាក់ស្លាប់បាក់ដៃបាក់ជើង លើកនេះបងដេកលក់ ប្អូនឡើងទៅជាន់ទី២ លោតសម្លាប់ខ្លួនពីលើផ្ទះស្លាប់យ៉ាងរន្ធត់ទាំងព្រឹកព្រលឹម!

31-Oct-2024 231 views

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ខណៈបុរសម្នាក់ តូចចិត្តខ្លួនឯងមានជំងឺប្រចាំកាយ បានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ ស្លាប់យ៉ាងរន្ធត់ ។

ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង ៥ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះធ្វើការពិនិត្យ នៅចំណុចផ្ទះលេខ០៤៩ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សំ ឈន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ ដោយអ្នកជួលបន្ទប់ក្នុងបរិវេណផ្ទះជនរងគ្រោះ បានឃើញជនរងគ្រោះធ្លាក់ពីលើមកក្រោមស្លាប់ ទើបប្រាប់ក្រុមគ្រួសារជនរងគ្រោះឲ្យចេញមកមើល។

ក្នុងនោះ តាមការបំភ្លឺពីឈ្មោះ សំ យ៉ុម ភេទស្រី អាយុ៤៧ឆ្នាំ ជាបងស្រីបង្កើតជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់តែងតែផឹកស្រាជារៀងរាល់ថ្ងៃ ហើយកើតជម្ងឺទាចទឹក និងធ្លាប់ប្រើប្រាស់សារធាតុញៀន ហើយបានទៅពេទ្យដើម្បីពិនិត្យ និងព្យាបាលតែប្អូននៅតែបន្តផឹកស្រាជាបន្តបន្ទាប់។ នៅអំឡុងខែមករា ឆ្នាំ២០២៤ ប្អូនប្រុសរបស់គាត់ បានលោតពីលើផ្ទះបណ្តាលឲ្យបាក់ជើងស្ដាំ និងរបួសនៅលើខ្លួនប្រាណ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ រួចបានត្រឡប់មកស្នាក់នៅផ្ទះវិញ។ លុះនៅវេលាម៉ោងប្រហែល៥ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ពេលគាត់កំពុងតែដេកស្រាប់តែអ្នកជួលបន្ទប់ក្នុងបរិវេណផ្ទះគាត់បានស្រែកឆោឡោប្រាប់ថា ប្អូនប្រុសគាត់ស្លាប់ ទើបចេញមកមើល ឃើញស្លាប់នៅលើថ្លុកឈាមចំហៀងផ្ទះ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលជំនាញផ្នែកកោលស្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ បញ្ជាក់ថា សពគ្មានពាក់អាវ ស្លៀកខោជើងខ្លី ផ្ទៃមុខ ខ្លួនប្រាណ ដៃជើង ប្រឡាក់ឈាម សាកសពមានសភាពទន់, ជើងខាងស្ដាំមានស្នាមសន្លាកថ្នេរ និងដាក់ដែកពីខាងក្នុង, ខ្នងខាងក្រោយចំហៀងខាងស្ដាំមានស្នាមសន្លាកផ្លែជាច្រើនកន្លែង, មានឈាមហូរចេញតាមច្រមុះ មាត់ និងត្រចៀក មានស្នាមជាំហើមព្រួកលលាដ៌នៅក្បាលខាងក្រោយ,ស្នាមជាំហើមនៅ ក ខាងក្រោយ,ស្នាមជាំនៅខ្នងប្រអប់ដៃទាំងសងខាង និងជាំនៅកដៃខាងឆ្វេង,ស្នាមកោសរលាត់នៅក្បាលជង្គង់ស្ដាំ និងស្មងជើងខាងឆ្វេង, ពិនិត្យទឹកនោមសាកសពអវិជ្ជមានសារធាតុញៀន។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថាស្លាប់ដោយសារប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (អត្តឃាតលោតចេញពីលើផ្ទះជាន់ទី២) និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS