ព័ត៌មានជាតិ

ណាត់ជួបគេទិញម៉ូតូ ប្រើល្បិចសុំជិះសាក មានឯណាបែរជាជិះរត់ ផ្អើលទាំងម្ចាស់ម៉ូតូ ទាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ដេញចាប់ខ្លួនបាន!

31-Oct-2024 282 views

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពណាត់ជួបគេដើម្បីទិញម៉ូតូ លុះពេលជួបក៏ប្រើល្បិចសុំជិះសាក មានឯណាបែរជាជិះរត់ ត្រូវម្ចាស់ម៉ូតូស្រែកឆោឡោថាចោរៗ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ធ្វើការដេញចាប់ឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង០២នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្បែរហាងនុំប័ងភ្នំពេញ ផ្លូវ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផន ប៉េងឃុន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៤៩បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង វិចិត្រ ភេទ ប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ លំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងនោះ វត្ថុតាង ចាប់យកវត្ថុតាងរួមមាន ៖

-ទូរសព្ទដៃម៉ាកoppoចាស់ ១គ្រឿង (ជារបស់ជនសង្ស័យ)

-ម៉ូតូ១គ្រឿងម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1T-5776 (ជារបស់ជនរងគ្រោះ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានតេទូរសព្ទចូលមកលេខជនរងគ្រោះ ដើម្បីណាត់ជួបជនរងគ្រោះ លក់និងទិញម៉ូតូ ដែលមានភិនភាគខាងលើ នៅចំណុចក្បែរហាងនំបុ័ងភ្នំពេញ ផ្លូវ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យនិងជនរងគ្រោះបានជួបគ្នាហើយនោះ ជនសង្ស័យសុំមើលម៉ូតូ និងសុំជិះសាក ភ្លាមនោះស្រាប់តែជនសង្ស័យជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនចុះមកតាមផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោសុំម៉ូតូប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដើម្បីជិះដេញតាមពីក្រោយ ទាន់ជនសង្ស័យផ្លូវ៨៧BT ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពន់ទី២ ក៏ឃាត់ខ្លួនបានជនសង្ស័យតែម្តង ដោយចម្ងាយកន្លែងកើតហេតុនិងកន្លែងឃាត់ខ្លួនមានចម្ងាយប្រហែល៨០០ម៉ែត្រពីគ្នា បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យមកប្រគល់ជូនសមត្ថិកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ហេង វិចិត្រ បានសារភាពថាខ្លួនមានបំណងយកម៉ូតូជនរងគ្រោះជិះគេចខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំណំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS