ព័ត៌មានជាតិ

ចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី២០ តំបន់មួយចំនួនអាចនឹងចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បបរមាពី១៦-២២°C

14-Jan-2024 229 views

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នា២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួង បានបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តរំកិលចុះមកក្រោម គ្របដណ្តប់មកលើភាគឦសាន និងភាគខាងកើតប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។


តាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នឹងធ្វើឱ្យ៖


១-តំបន់វាលទំនាប ៖


⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។


២-តំបន់ខ្ពង់រាប ៖


⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៦ម៉ែត្រ/វិនាទី


⁃ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។


៣-តំបន់មាត់សមុទ្រ ៖


⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី


⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។


តាមការជូនដំណឹងខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS