ព័ត៌មានជាតិ

សាហាវមែន! ចេញពីគុករត់ទៅបួស បួសមិនទាន់បានប៉ុន្មានផង ចាប់រំលោភក្មេងស្រីអាយុ៣ឆ្នាំ រួចសម្លាប់យកសពទៅបោះចោលនៅវាលស្រែ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

30-Oct-2024 304 views

ខេត្តសៀមរាប ៖ សាហាវមែន! ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​ប៉ៃលិនរយៈពេល​៣​ខែ​មិនរាង ទើបតែចេញពីគុកសោះ រត់ទៅបួសជាសង្ឃ បួសមិនទាន់បានប៉ុន្មានផង តណ្ហាបាំងមុខ ចាប់រំលោភក្មេងស្រីអាយុ៣ឆ្នាំ រួចសម្លាប់យកសពទៅបោះចោលនៅវាលស្រែ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ក្នុងភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្រោយកើតហេតុបាន២ថ្ងៃ សមត្ថកិច្ចក៏បំបែកសំណុំរឿងនេះបាន ឈានទៅដល់ការចាប់ខ្លួនបានតែម្តង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណា​ន់ សំនៀង ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ អតីត​ជា​សង្ឃ ស្នាក់​នៅ​វត្ត​ប្រា​សាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​តុលា ឆ្នាំ ២០២៤ ឪពុកម្តាយបាន​ទុក​កូនស្រី​ឈ្មោះ ផុ​ន ស្រី​ខួច អាយុ​១០ឆ្នាំ ឱ្យ​នៅ​ចាំផ្ទះ​មើលថែ​ប្អូន​ៗ៣​នាក់ ​ហើយ​នាំ​គ្នា​ចេញ​ទៅ​ធ្វើ​ចំការ ដូច​ធម្មតា ពេលត្រឡប់មកវិញនៅម៉ោង៩ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ ផុ​ន ស្រី​ខួច បាន​នាំ​ប្អូន​ៗ​ទៅ​លេង​នៅ​ក្នុង​បរិវេណ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល១៥០​ម៉ែត្រ ពេល​ទៅ​ដល់​វត្ត ​ក្មេង​ៗ​មួយ​ក្រុម​នោះ បាន​នាំ​គ្នា​ទៅ​លេង​កុដិ​ព្រះសង្ឃ​ឈ្មោះ ណា​ន់ សំនៀង ដែលជាជនសង្ស័យ ដោយ​ព្រះសង្ឃ​បាន​យក​ទូរស័ព្ទ​ដៃ​មក​ចាក់​រឿង​ភាគ​ឱ្យ​កុមារ​ទាំងអស់​មើល ។ លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី កុមារី​រង​គ្រោះ បាន​ចុះ​ពីលើ​កុដិ​ទៅលេង​នៅ​ទីធ្លា​ដី​តែ​ម្នាក់ឯង​វិញ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ ស្រាប់​តែបាត់ក្មេង​ស្រី​រងគ្រោះ ​មិនដឹង​ទៅ​ទីណា ទើបប្រញាប់ទៅប្រាប់ឪពុកម្តាយ ​អ្នក​ជិតខាង រួម​ទាំង​សាច់ញាតិ​ក្នុងភូមិ បាន​នាំ​គ្នា​ជួយ​ដើរ​រក​កុមារីរងគ្រោះ​ តែ​រក​មិនឃើញសោះ ។ រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ រយៈពេល​២​ថ្ងៃ ទើប​ប្រទះ​ឃើញ​សពកុមារី​រង​គ្រោះ​នៅ​វាល ស្រែ​ខាងត្បូង​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ប្រហែល១៥០ម៉ែត្រ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ដោយ​អនុវត្ត​តាម​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តម​សេនី​យទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀម​រាប និង​លោក​វរ​សេនី​ឯក ស្នងការ​រង​ទទួល​ផែន​ជំនាញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​វិទ្យា សាស្ត្រ និង​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​អំពើ​ឃាតកម្មរំលោភ​សម្លាប់ សមត្ថ​កិច្ច​បាន​ដុតដៃដុតជើង ធ្វើការ​ស្រាវជ្រាវស៊ើបអង្កេតរយៈពេល២​ថ្ងៃ ទើប​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់ គឺជា​ព្រះសង្ឃ ហើយ​ក៏​បាន​នាំ​ខ្លួន​ទៅ​សាកសួរ និងប្រគល់​ឲ្យ​ខាង​ធម្ម​ការគណៈកម្មការ និងព្រះ​ចៅអធិការ​វត្ត ផ្សឹក​សង្ឃ​អង្គ​នោះ​ដើម្បី​បន្ត​នីតិវិធីច្បាប់តែម្តង ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS