ព័ត៌មានជាតិ

រន្ធត់ទាំងព្រឹក! កំពុងឈប់ស្តុបក្រហម ត្រូវរថយន្តធុនធំ បុករះពីក្រោយកិនអូសជាច្រើនម៉ែត្រ ស្លាប់២នាក់យ៉ាងរន្ធត់!!!

30-Oct-2024 270 views

រាជធានីភ្នំពេញ ៖ ​ពិតជារន្ធត់ណាស់លោកអើយ មិនដឹងបើកយ៉ាងម៉េចទេ រថយន្តធុនធំសណ្តោងរម៉កមួយគ្រឿង បានបុករះម៉ូតូចំនួន២គ្រឿងដែលកំពុងឈប់ស្តុបក្រហម កិនអូសទាំងមនុស្ស ទាំងម៉ូតូជាច្រើនម៉ែត្រ ផ្តាច់ជីវិតមនុស្សប្រុសស្រី២នាក់ យ៉ាងរន្ធត់បំផុត ទាំងព្រឹកព្រលឹម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ៨ព្រឹក ​ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបផ្សារព្រែកព្នៅ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ រឿត គឹមហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិអណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ លុះមកដល់កន្លែងកើតហេតុ មិនដឹងយ៉ាងម៉េច​ ស្រាប់តែបុករះពីក្រោយម៉ូតូដែលកំពុងឈប់ចាំស្តុបក្រហម ០២គ្រឿង រួមមានម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HF-8829 ធ្វើដំណើរលើផ្លូវជាតិលេខ៥ (ឈប់ចាំស្តុបក្រហម) ក្នុងទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា) បើកបរដោយឈ្មោះ សឹម អាស់អារី ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិខ២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-7170 បើកបរដោយឈ្មោះ ខន មុនី ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិ១២ សង្កាត់ផ្រសាកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរដោយឈ្មោះ សិន ម៉ីអីហុង ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) ដូចគ្នា អូសជាច្រើនម៉ែត្រ ទើបអស់ល្បឿន ។ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗនៅទីតាំងកើតហេតុផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្ត និងអ្នកបើកបរ រួមទាំងម៉ូតូ២គ្រឿងខាងលើ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS