ខេត្តសៀមរាប ៖ ពិតជាសង្វេគណាស់ លោកអើយ ទុក្ខជាន់ទុក្ខ ២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាទៅបុណ្យសពម្តាយ ដែលស្លាប់ដោយសាររោគាពាធ មកតាមផ្លូវ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោយន្តកែច្នៃ
ដែលបើកស្របគ្នា ជាប់ចង្កូតចាប់ហ្វ្រាំងមិនស៊ី បុកពេញទំហឹង ស្លាប់ទាំង២នាក់ប្តីប្រពន្ធ យ៉ាងរន្ធត់បំផុតចោលកូនចំនួន ៣នាក់ ឲ្យកំព្រា ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤និង ៣០នាទីល្ងាច ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៦ ភូមិកិត្តយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា សពទាំង២នាក់ប្តីប្រពន្ធ ប្តីមានឈ្មោះ ប្រម ណាន់ អាយុ៤៤ឆ្នាំ រីឯប្រពន្ធឈ្មោះ មុត ថុនា អាយុ៣២ឆ្នាំ រស់នៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ។ ចំណែកអ្នកបើកគោយន្តកែច្នៃ មានឈ្មោះ ធាវ រ៉ាវឹង អាយុ ៣១ឆ្នាំ ភេទប្រុស រស់នៅភូមិគោកទៀម ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយដំបូងឡើយ គោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែគោយន្តកែច្នៃនេះ បានជាប់ចង្កូត ចាប់ហ្វ្រាំងមិនស៊ី បុកម៉ូតូជនរងគ្រោះម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Q-2042 ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងរន្ធត់តែម្តង ។
ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី តែដោយសាររឿងរ៉ាវនេះ មានការអាណិតអាសូរជាពន់ពេក ស្លាប់ទាំងម្តាយ ទាំងកូន និងកូនប្រសារ ម្តងផ្ទួនគ្នា ៣នាក់ រថយន្តសង្គ្រោះក៏បានដឹកសាកសពទាំង៣ យកទៅកាន់វត្តធម្មរង្សីសំពៅលូន ដើម្បីបូជារួមគ្នា តែម្តង ៕ Noch
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS