រាជធានីភ្នំពេញ ៖ ក្បាលរថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន មិនដឹងជាប្រញាប់ទៅណានោះទេ បានបុករះនារីម្នាក់កំពុងជិះម៉ូតូបន្ត បុកបង្គោលភ្លើង១ដើមបាក់រលើងគល់ និងបុកចំ កីឡាករប្រដាល់ ផាន់ ខាំតៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ដែលកំពុងរត់ហ្វឹកហាត់ ត្រៀមប្រកួតសប្តាហ៍នេះផង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០ នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្រុសម្នាក់ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ ជាក្បាលរថយន្តសម្រាប់សណ្តោងកន្ទុយរម៉កកុងតឺន័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-6490 បើកបរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានវាក់ជាមួយម៉ូតូកង់បីមួយគ្រឿងដែលកំពុងបើកបរស្របគ្នា រថយន្តជាន់ហ្រ្វាំងអត់ស៊ី ក៏កាច់ចង្កូតគេចចេញទៅខាងឆ្វេង បុកនារីអ្នកជិះម៉ូតូម្នាក់ឈ្មោះហាន ដាណែត អាយុ១៨ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1O-5008 រួចបន្តទៅបុកកីឡាប្រដាល់ផាន់ ខាំតៃ កូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ស្នាក់នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ដែលកំពុងរត់ហ្វឹកហាត់ ត្រៀមប្រកួតសប្តាហ៍នេះផង បណ្តាលឲ្យរងរបួសធ្ងន់ ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ភ្លាមនោះ រថយន្តក៏ជ្រុលទៅបុកបង្គោលភ្លើង១ដើមបាក់រលើងគល់ រួចបន្តទៅបុកចូលកន្លែងលក់មាន់បង្វិលនៅជិតនោះទៀត ខូចខាតខ្ទេចខ្ទីរទើបអស់ល្បឿន រួចអ្នកបើករថយន្តបង្ករ ប្រញាប់បើកទ្វាររត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់កន្លែងកើតហេតុសម្រួលចរាចរកុំអោយកកស្ទះ។ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបាននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕ អែល វិចិត្រ+ មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS