ព័ត៌មានជាតិ

ព្រះរាជ​ពិធីបុណ្យ​អុំទូកនៅមុខព្រះបរមរាជវាំងឆ្នាំនេះ មានទូកចូលរួមប្រកួតចំនួន​៣៤៦​ទូក លើស​ពី​ឆ្នាំ​កន្លង​ទៅ និង​​កីឡាករចំណុះ​ទូក​ប្រមាណ​ជាង​២​ម៉ឺន​នាក់

29-Oct-2024 253 views

រាជធានីភ្នំពេញ ​៖ ​បើ​តាម​ការ​បង្ហាញ​អោយ​ដឹងក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀមលក្ខណៈ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍ ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដោយមាន​ទូក ង ចូលរួម​ប្រ​កួត​ប្រជែង ​ចំនួន​៣៤៦​ទូក លើស​ពី​ឆ្នាំ​កន្លង​ទៅ ៩​ទូក​និង​មាន​កីឡាករ ចំណុះ​ទូក​ប្រមាណ​ជាង​២​ម៉ឺន​នាក់ និង​ប្រទីប​ ចំនួន​៣៥​ប្រទីប​ ខណៈ​ឆ្នាំ​២០២៣​ មាន​ចំនួន​ត្រឹមតែ​២៩​ប្រទីប​ប៉ុណ្ណោះ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការ​រៀបចំ​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ​អោយ​កាន់តែ​មាន​ភាព​ស្រស់​ស្អាតជា​រឿង​ធំ ​ដែល​យើង​ក្នុង​នាម​ជា​អាជ្ញាធរ ​ត្រូវ​តែ​ធ្វើ​អោយ​បាន​ល្អ​បំផុត​។ ចំពោះ​កីឡាករ​ចំណុះ​ទូក ង ទាំង​ជាង​២​ម៉ឺន​នាក់ ​ត្រូវ​ស្នាក់​នៅ​ទីតាំង​ចំនួន​២ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​នោះ​ទីតាំង​ទី​១ នៅ​ឃ្លាំង​សាំង ខណ្ឌ​ឬ​ស្សី​កែវ ​និង​ទីតាំង​ទី​២ នៅម្តុំ​រង្វង់​មូល​នាង​មច្ឆា​ ក្នុង​តំបន់​អភិវឌ្ឍន៍ ​OCIC ខណ្ឌ​ជ្រោយចង្វា ដើម្បី​យើង​ងាយស្រួល​ក្នុង​ការពារ​សន្តិសុខ​ជូន​ពួក​គាត់ ​ និងធ្វើការ​ណែនាំ ​មិន​អោយ​មានការ​លក់ដូរ​ នៅ​លើ​បណ្តោយ​ផ្លូវ​មួយ​ចំនួន ដែល​មាន​ទីតាំង នៅ​ក្នុង​ព្រះរាជ​ពិធី​នេះ​ផង​ដែរ ជាមួយ​និង​ការ​ពិនិត្យ​មើល​អោយ​ម៉ត់ចត់ ចំពោះការ​ផ្ញើ​កង់ ម៉ូតូ ដោយ​អាជ្ញាធរ​ខណ្ឌ​ត្រូវ​តែម្ចាស់​ការ ស្គាល់ និង​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​អ្នក​ទទួល​ផ្ញើ ជៀសវាង បាត់បង់​ម៉ូតូ​បងប្អូន​ប្រជាពលរដ្ឋ គ្មាន​ការ​ទទួលខុសត្រូវ ​។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ក៏​បាន​គិតគូ ពី​ការ​រៀបចំ​បន្ទប់ទឹក ​អោយ​បាន​ច្រើន ទីតាំង​សំរាប់​សង្គ្រោះ​ និង​ទីបញ្ជាការ​ស្រាល ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍ ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​ព្រះរាជ​ពិធីបុណ្យ ការ​ទប់ស្កាត់ ការ​លំហូរ​ចរាចរណ៍​ ចំពោះ​រថយន្ត​មួយ​ចំនួន​ ចូល​មក​ក្នុង​រាជធានី ទប់ស្កាត់ ជន​អាណា​ថា ចោរ​លូក ហោប៉ៅ​ជាដើម​ ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ក៏​បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ចលនា​ប្រជាពលរដ្ឋ ពិសេស ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ខុន​ដូរ ត្រូវ​លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ និង​ចង​បដា​ពាក្យស្លោក អម​ដោយ​ការ​តុបតែង​លម្អ​រចនា​បំភ្លឺ​ភ្លើងពណ៌​ចម្រុះ​នៅ​តាម​បណ្តា​អង្គភាព ទីតាំង​អាជីវកម្ម និង​គេហដ្ឋាន​របស់​ខ្លួន ឱ្យ​បាន​ផុលផុស និងស្រស់​ស្អាត ​៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS