រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋអ្នករស់នៅជិតខាង មានការតក់ស្លុតជាខ្លាំង ខណៈបានឃើញស្តែងៗពីសកម្មភាពរបស់បុរសម្នាក់ បានលោតចេញពីជាន់ទី៣ ចុះមកក្រោមស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង ៤០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ចំណុចផ្ទះលេខ៤១A ផ្លូវលេខ០៣ បុរីពិភពថ្មីចំការដូង១ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គង់ ស៊ីណា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ (មានបញ្ហាសតិសសៃប្រសាទ) មានទីលំនៅផ្ទះលេខ៨A ផ្លូវM០៦ បុរីជីបម៉ុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ យោងតាមការបំភ្លឺពីឈ្មោះ លាម សុខឆេង ភេទប្រុស បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៦ និង៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គាត់បានអង្គុយលេងនៅមុខផ្ទះ រួចបានងាកមើលឆ្វេងស្តាំ ស្រាប់តែឃើញជនរងគ្រោះឈរនៅលើបង្កាន់ដៃផ្ទះជាន់ទី៣តែម្នាក់ឯង និងដើរទៅវិញទៅមក ហើយគាត់ក៏បានយកទូរស័ព្ទដៃចេញមកដើម្បីថត ពេលទាញទូរស័ព្ទចេញមកថតស្រាប់តែឃើញជនរងគ្រោះលោតចុះមកក្រោមបាត់ទៅហើយ រួចក៏មានមនុស្សផ្អើលឆោឡោចោមរោមមើល ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ដោយឡែកតាមការបំភ្លឺពីឈ្មោះ គង់ ស៊ីណៃ ភេទស្រី ជាប្អូនស្រីបង្កើតជនរងគ្រោះបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៩ បងប្រុសគាត់បានទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានរយៈពេលប្រហែលកន្លះឆ្នាំ ក៏បានត្រឡប់មកវិញ ហើយមានបញ្ហាសសៃប្រសាទ ទើបក្រុមគ្រួសារនាំទៅមន្ទីរពេទ្យដើម្បីបើកថ្នាំរំងាប់អារម្មណ៍លេបជាប្រចាំ, កន្លងមកបងប្រុសគាត់ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយចង ក, ដោយចាក់ខ្លួនឯង និងដោយលេបថ្នាំសម្លាប់ខ្លួន តែត្រូវក្រុមគ្រួសារដឹងទាន់ ទើបមិនមានបញ្ហាអ្វី។ គាត់បានឲ្យសោរផ្ទះដែលគាត់បានទុកចោលសំរាប់លក់ ឲ្យទៅបងប្រុស ដើម្បីឲ្យគាត់ចេញចូលជួយមើលថែ, លុះនៅវេលាម៉ោងប្រហែល១៧នឹង១១នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានអ្នកជិតខាង ទូរស័ព្ទមកប្រាប់គាត់ថា បងប្រុសគាត់លោតពីលើផ្ទះ ទើបបានមកមើល ឃើញបងប្រុសស្លាប់នៅលើថ្លុកឈាមមុខផ្ទះបាត់ទៅហើយ។
ក្នុងនោះ តាមការសន្និដ្ឋាន យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន រូបភាពពីការមេរ៉ាទូរស័ព្ទ និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ (អត្តឃាតលោតចេញពីផ្ទះជាន់ទី៣) ពេលនេះ សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS