រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ កង់បីមួយគ្រឿងបានស្រុញរួញកំពិតចូលគ្នាចូលគេជាន់កំប៉ុង ក្រឡាប់ផ្ងារជើងច្រង៉ាង ខណៈបុរសអ្នកបើកកង់បីស្លាប់យ៉ាងរន្ធត់ ចំណែកស្ត្រីជាអ្នករួមដំណើររងរបួសធ្ងន់ ក្រោយត្រូវរថយន្តកូរ៉េឃ្លុប បើកយ៉ាងលឿន បុកចំពីក្រោយចំហៀងផ្នែកខាងឆ្វេងពេញទំហឹង រួចអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:៤០ នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវ៦០ម៉ែត្រមុខអ៊ីអន៣ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ជូ វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាន ភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ស្លាប់យ៉ាងរន្ធត់នៅទីតាំងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ចំណែកអ្នករួមដំណើរ ជាមនុស្សស្រី មិនទាន់ស្គាល់ឈ្មោះ និងអាស័យដ្ឋាន រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកូរ៉េឃ្លុបមួយគ្រឿង ម៉ាកBongo3 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9739 បើកបរក្នុង ទិសដៅពីត្បូងទៅជើង ដោយមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ព្រោះបានរត់គេចខ្លួនបាត់ រថយន្តបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន មកបុក កង់បីឥណ្ឌា ម៉ាក BABJA ពណ៌លឿង ពាក់ស្លាកលេខ តាកែវ 1S-0304 បើកបរដោយបុរសម្នាក់ ឌុបស្ត្រីម្នាក់នៅខាងក្រោយ ក្នុងទិសដៅពីត្បូងទៅជើង ចំពីក្រោយចំហៀងផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យកង់បីស្រុញរួញកំពិតចូលគ្នាចូលគេជាន់កំប៉ុង ក្រឡាប់ផ្ងារជើងច្រង៉ាង ស្លាប់បុរសអ្នកបើកកង់បីស្លាប់យ៉ាងរន្ធត់ ចំណែកស្ត្រីជាអ្នករួមដំណើររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដោយឡែកអ្នកបើកបររថយន្ត ក្រោយបង្កហេតុ ចុះរត់គេចខ្លួនបាត់ស្រមោល។
អ្វីដែលមហាជនជាអ្នកធ្វើដំណើរលោកបានឃើញ ហើយហួសចិត្តនោះ គឺករណីនេះកើតឡើងតាំងពីវេលាម៉ោង ៥:៤០ នាទីព្រឹក រហូតមកទល់នឹងម៉ោង៩ព្រឹក អស់ពេលច្រើនម៉ោងទៅហើយ មិនឃើញមានរថយន្តពេទ្យណាមួយ មកធ្វើការវេចខ្ចប់សាកសព លើកសពដាក់លើរថយន្ត អែបកៀននោះទេ ឬក៏ចង់ឲ្យ ចាំសាច់ញាតិមកតាំងពីខេត្តកំពង់ចាម មកវេចខ្ចប់លើសពអែបកៀន ដែលមើលទៅពិបាកភ្នែកមើល អាណិតអាសូរជាខ្លាំង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តនិងកង់បីឥណ្ឌាខាងលើ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ+មេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS