ព័ត៌មានជាតិ

មួយឆ្លង មួយលឿន បុកលាន់តែផាំង របួសម្នាក់លើផ្លូវ៥០ម៉ែត្រ មុខច្រកចូលបុរីមួយកន្លែង

24-Oct-2024 229 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជិះម៉ូតូលឿន បាំងជាមួយរម៉ក មិនឃើញរថយន្តព្រូស កំពុងបត់ឆ្លង ក៏បុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង៩ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ច្រកចូលបុរីមួយកន្លែង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ក៏ដូចជាប្រភពព័ត៌មានពីបុរសជាអ្នកបើកបររថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5066 ចេញពីប៉ាម៉ាស៊ីពេទ្យមួយកន្លែង លុះដល់ចំណុចកើតហេតុ គាត់បានឆ្លងចូលបុរី ទិសដៅពីជើងមកត្បូង ដោយពេលនោះ គេបានបង្អន់ឲ្យគាត់ឆ្លងអស់ហើយ ខណៈគាត់កំពុងបើកឆ្លង ស្រាប់តែមានម៉ូតូម៉ាក ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-6120 បើកបរដោយបុរសម្នាក់ មកលឿន បាំងជាមួយរម៉កដែលគេបង្អន់ មើលមិនឃើញ ក៏មកបុករថយន្តគាត់ចំក្បាលខាងមុខ ចំហៀងខាងស្តាំចំចង្កៀងរថយន្ត បណ្តាលឲ្យដួលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ព្រៃស និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកជួយសម្រួលចរាចរណ៍ វាស់វែងរថយន្តនិងម៉ូតូអែបខាង កុំឲ្យស្ទះប្រជាពលរដ្ឋ និងទុកពេលឲ្យភាគីទាំងសងខាង ចរចារដោះស្រាយគ្នា១តង់សិន ដោយតំណាងខាងម៉ូតូ សុំសំណងពីខាងរថយន្ត ២៥០ដុល្លារ ដើម្បីជួសជុលម៉ូតូនិងមើលរបួស តែខាងរថយន្តកំពុងសម្របសម្រួល បើត្រូវគ្នានឹងបញ្ចប់រឿង បើមិនត្រូវគ្នាទេ​នឹងប្រគល់ឲ្យនគរបាលចរាចរណ៍ខណ្ឌដង្កោ វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS