ព័ត៌មានជាតិ

រថយន្តធុនធំបុកសួនចែកទ្រូងផ្លូវ ផ្ទប់បង្គោលភ្លើងបាក់រាបដល់ដីនៅផ្លូវ២១៧ រួចបើករត់បាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកទទួលខុសត្រូវវិញ

24-Oct-2024 243 views

រាជធានីភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បានបើកបុកសួនច្បារចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី រួចរយ៉ែថយក្រោយ បើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង ។

បើតាមសមត្ថកិច្ចជំនាញចរាចរណ៍ បានបញ្ជាក់ប្រាប់ VITHEY NEWS ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងតាំងពីយប់មកម្ល៉េះ នៅចំណុចផ្លូវលេខ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ លុះដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ទើបសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ទទួលបានព័ត៌មាន និងរាយការណ៍មកជំនាញចរាចរណ៍ខណ្ឌ ។

ភ្លាមៗសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកដល់ទីតាំងកើតហេតុ ពិនិត្យស្រាវជ្រាវបញ្ជាក់ថា ករណីនេះ បង្កឡើងដោយរថយន្តធុនធំ មួយគ្រឿង បានបើកក្នុងទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវខាងលើ ដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកសួនច្បារចែកទ្រូងផ្លូវ ផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ខ្ទេចរាបដល់ដី រួចហើយរថយន្តនេះ បានរយ៉ែថយក្រោយបន្តិច រួចបួងចង្កូត បើកគេចខ្លួនបាត់ស្រមោលតែម្តង ខណៈសមត្ថកិច្ចជំនាញ​កំពុងស្រាវជ្រាវតាមចាប់រថយន្តខាងលើ យកមកទទួលខុសត្រូវតាមច្បាប់ នេះសំណាងល្អហើយករណីខាងលើ មិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែខូចខាតសម្បត្តិសាធារណៈរបស់រដ្ឋតែប៉ុណ្ណោះ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS