ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកូរ៉ូឡា បើកឡើងឃឿនចែកទ្រូងផ្លូវ នៅរង្វង់វិមានឯករាជ្យ ខូចខាតដើមឈើដាំលំអរ ដើមចំប៉ី និងផ្ទាំងប៉ាណូ យ៉ាងរប៉ាត់រប៉ាយ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២២ និង៣០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ចំណុចសួនច្បារ រង្វង់មូលវិមានឯករាជ្យ ផ្លូវ១០៥ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ករណីនេះ បង្កឡើងដោយរថយន្ត ០១គ្រឿង ម៉ាក កូរ៉ូឡា(Corala) ពាក់ផ្លាកលេខ កណ្តាល 2A-4433 បើកបរទិសដៅពីលិច ទៅកើត អ្នកបើកបរ ឈ្មោះ ប៊ូ សាម៉ាក់ ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បណ្តាលមកមកពីអ្នកបើកបររថយន្ដបាត់ម្ចាស់ការ ជ្រុលចង្កូតបើកឡើងឃឿនចែកទ្រូងផ្លូវនិងជ្រុលទៅបុកដើមចំប៉ី ផ្លាកប៉ាណូ ដែលតាំងលំអរជាប់ក្បែរជញ្ជាំងរបងរង្វង់មូលវិមានឯករាជ្យ បណ្តាលឲ្យខូចខាត ប៉ាណូ ០១ផ្ទាំង បាក់ដើមចំប៉ីចំនួន ០១ដើម និងខូចខាតរថយន្តយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍បានស្ទួចយករថយន្ដមករក្សាទុកនៅអង្គភាពអធិការដ្ឋាននគរបាលក្រុងច្បារមន ដើម្បីពិនិត្យដោះស្រាយផលប៉ះពាល់ខូចខាតសម្ភារៈទ្រព្យសម្បត្ដិរដ្ឋ ដោះស្រាយតាមនីតិវិធី៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS