រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ Dream c125 ក្នុងល្បឿនលឿន បានបុកខឿនផ្លូវ បោកក្បាលទៅបង្គោលគីឡូម៉ែត្រ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមយ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុង សង្កាត់ បាក់ខែង ខណ្ឌ ជ្រោយ ចង្វារ រាជធានី ភ្នំពេញ វេលា ម៉ោង ៤ទៀបភ្លឺ ថ្ងៃ ទី ២៣ ខែតុលា ឆ្នាំ ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជ្រេង សាន្តម៉ៅ អាយុ២៧ឆ្នាំ មុខរបរជាទាហាន នៅកងវិស្វកម្ម រស់នៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋាន បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ Dream c125 ដែលពាក់ផ្លាកលេខក្រចេះ 1B-4776 បើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ ជាតិ លេខ ៦A លុះមកចំណុចចន្លោះស្ពានទី៨ទៅស្ពានទី៩ បានបុកខឿនបោកក្បាលទៅនឹងបង្គោលបង្ហាញផ្លូវ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌជ្រោយចង្វារ បានចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS