ព័ត៌មានជាតិ

សុំជិះជាមួយ ដល់កន្លែងស្ងាត់ ដកកាំបិតបុ័ងតោគម្រាមកាប់សម្លាប់ ធ្លាក់ប្លន់យកម៉ូតូទៅបាត់ទាំងកណ្តាលថ្ងៃត្រង់!!!

23-Oct-2024 204 views

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានជនសង្ស័យម្នាក់សុំជិះម៉ូតូជាមួយ លុះដល់កន្លែងស្ងាត់ ស្រាប់តែធ្វើសកម្មភាពដកកាំបិត គម្រាមឱ្យឈប់ ធាក់ជនរងគ្រោះដួលកប់ទឹកភក់ ប្លន់យកម៉ូតូហុងដាឌ្រីមទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ពោរពេញដោយទឹក ល្បាប់ភក់ ក្នុងភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រស់ រាត្រី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលា រៀនថ្នាក់ទី១១ វិទ្យាល័យត្រពាំងក្រសាំង មានទីលំនៅភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ទាំងជនរងគ្រោះ ទាំងឪពុក គ្រាន់តែប្រាប់ថា ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ មិនចាំស្លាកលេខ ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ពេលដែលជិះម៉ូតូចេញពីផ្ទះ ជួបជនសង្ស័យនៅផ្លូវកប់ស្រូវ ហើយហៅសុំជិះ ពឹងឱ្យឌុបជូនទៅសង្កាត់ត្រពាំងក្រសាំង ដោយជិះឌុបគ្នាកាត់តាមផ្លូវលំដ៏សែនលំបាក ពេញដោយទឹក ល្បាប់ភក់ តាមផ្លូវមានតែរថយន្តធុនធំ បើកឆ្លងកាត់ លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដកកាបិតមកដាក់លើក គម្រាមឱ្យឈប់ លុះឈប់ម៉ូតូហើយ ជនសង្ស័យធាក់ បណ្តាលឱ្យដួលកប់ក្នុងទឹកភក់ ហើយជិះម៉ូតូគេចទៅខាងលិចបាត់ ទោះជាស្រែករកអ្នកជួយ ក៏គ្មានអ្នកដំណើរណាឆ្លងកាត់ដែរ ។

ក្រោយកើតហេតុជនរងគ្រោះ និងឪពុក បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយស្រាវជ្រាវ ៕ មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS