ខេត្តប៉ៃលិន ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តប៉ៃលិន បានឲ្យដឹងថា រាត្រីថ្ងៃទី១៨ ឈានចូល១៩ ខែតុលា ឆ្នាំ២០២៤
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកម្លាំងសរុបចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្លាក់ពីតំបន់ជួរភ្នំ មកអូរព្រំដែនកម្ពុជា-ថៃ យ៉ាងគំហុក និងបានជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ មកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ខណៈវេលាម៉ោង១២:៤៧នាទី រំលងអធ្រាត ជំនន់ទឹកភ្លៀងបានស្រកអស់ទៅវិញជាបណ្តើរៗ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ លោកជំទាវផ្ទាល់ បានបង្ហោះទាំងស្រុងថា ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំបានស្រកអស់វិលត្រឡប់មកសភាពធម្មតាវិញហើយគិតត្រឹមម៉ោង ១២.៤៧យប់ ឈានចូលថ្ងៃទី១៩/១០/២៤ ដោយឡែកក្រុមការងារនឹងចុះរៀបចំសម្អាតបរិស្ថាន និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានបាត់បង់សម្ភារះប្រើប្រាស់ស្បោងអាហារ នៅព្រឹកស្អែក ។
លោកជំទាវ អភិបាលខេត្ត ក៏សូមជូនដំណឹងដល់បងប្អូនជាម្ចាស់ម៉ូតូបានចតនៅច្រកទ្វារអន្តរជាតិ និងម៉ូតូបានហូរតាមទឹកសូមអញ្ចើញមកទទួលយកម៉ូតូវិញដោយភ្ជាប់មកជាមួយ ឯកសារបញ្ចាក់ជាម្ចាស់កម្មសិទ្ធ ក្រុមការងាររដ្ឋបាលខេត្ត នៅរង់ចាំពិនិត្យប្រគល់ជូនវិញ ចាប់ពីព្រឹកស្អែកម៉ោង ៨ (បញ្ចាក់ ម៉ូតូក្រុមការងារសង្គ្រោះរក្សាទុកជូន មានចំនួន ៣៤គ្រឿង ) នៅបាត់ម៉ូតូ មួយចំនួន និង ម៉ូតូកង់បី ២គ្រឿង ក្រុមការងារកំពុងស្វែងរកបន្តទៀត ។
សូមពុកម៉ែបងប្អូនទទួលបានសុខសុវត្តិភាពគ្រប់ៗគ្នា ក្រុមការងារកងកំលាំងប្រចាំការនៅជាមួយបងប្អូន២៤ម៉ោង រហូតដល់សភាពការណ៍ល្អប្រសើរធម្មតាវិញ ។ ចំណែកច្រកទ្វារអន្តរជាតិព្រំបានបើកដំណើរការជាធម្មតាបន្ទាប់ពីទទួលរងទឹកជំនន់ បិទអស់រយៈពេល
៥ម៉ោងនៅរសៀលថ្ងៃទី ១៨/១០/២៤ ។
លោកជំទាវ ក៏បានអរគុណកងកំលាំងគណបញ្ចាការឯកភាពទាំងបី កំលាំងយុវជន កំលាំងមូលដ្ធាន ទាំងអស់បានចូលរួមយ៉ាងសកម្មដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង និងបានអរគុណក្រុមការងារច្រកទ្វារភាគីថៃ
បានសហការសម្របសម្រួលបើកច្រកទ្វារព្រំដែនដើម្បីជួយអោយអ្នកធ្វើដំណើរ និង រថយន្តដឹកទំនីញឆ្លងគ្មានកំណត់ពេលវេលាដើម្បីជៀសវាងការខកស្ទះចរាចរណ៍ ។
ក្រុមការងារបានជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ដោយមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់អាយុជីវិតឡើយ ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS