ព័ត៌មានជាតិ

អាសូរណាស់!!! ប្រពន្ធយំអោបសពប្តី ខំប្រឹងរត់កង់បីទាំងឈឺទាំងជា រហូតខ្យល់គស្លាប់

19-Oct-2024 231 views

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ សង្ស័យមិនស្រួលខ្លួន ជិះមករកទិញថ្នាំ តែជាអកុសល ពេលមកដល់ មុខឪសថស្ថានអាការៈកាន់តែខ្លាំង ផ្អើលប្រជាពលរដ្ឋនាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម និងតេហៅរថយន្តសាមុយដើម្បីប្រញាប់ដឹកយកទៅសង្គ្រោះ ប៉ុន្តែទោះបីជាពួកគាត់ខំជួយយ៉ាងណា ជនរងគ្រោះបានផុតដង្ហើម ដាច់ខ្យល់ស្លាប់ទៅហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាង រដ្ឋា អាយុ៣៨ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានកូនប្រុសម្នាក់អាយុ៩ ឆ្នាំហើយ កាលពីមុនប្ដីរបស់គាត់រត់ម៉ូតូឌុបនៅជិតៗផ្ទះ ក្រោយមកក៏សុំប្រពន្ធទិញកង់បីវិញ ទើបរត់បានមិនដល់មួយសប្តាហ៍ផង បែរជាស្លាប់ចោលប្រពន្ធកូនបែបនេះទៅវិញ សង្ស័យគាត់ខ្យល់គរ។

ដោយឡែកតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ វ័យប្រហែល៣០ឆ្នាំជាង បើកកង់៣ឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LB-2319 ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុមុខផ្សារ២០០២ បុរសខាងលើបាន អែបខាងរួចចុះពីលើកង់បីដើរបានបន្តិចបានដួលសន្លប់ភ្លាមៗ ប្រជាពលរដ្ឋនៅជិតនោះឃើញមិនស្រួលបាននាំគ្នាជួយ សង្រ្គោះបឋមនឹងទាក់ទងហៅរថយន្តសង្គ្រោះមកយក តែជាអកុសលបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទុកឲ្យប្រពន្ធនិងកូនយំសោកបោកខ្លួនយ៉ាងខ្លាំង ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតធើ្វការទាក់ទងទៅនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ រួចធើ្វកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកធើ្វបុណ្យតាមប្រពៃណី ៕មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS