រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រជាពលរដ្ឋបានចេញពីផ្ទះ ក៏ប្រទះឃើញសពបុរសម្នាក់ ស្លាប់នៅខាងមុខផ្ទះរបស់គាត់ មិនដឹងតាំងពីពេលណា ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ លើផ្លូវបេតុងខាងមុខផ្ទះប្រជាពលរដ្ឋ ក្នុងបុរីអិនអេច ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានក្រោកពីដំណើរ បើកទ្វារផ្ទះ ស្រាប់តែប្រទះឃើញសពបុរសម្នាក់ ស្លាប់នៅលើផ្លូវបេតុង ខាងមុខផ្ទះរបស់គាត់បាត់ទៅហើយ មិនដឹងតាំងពីពេលណានោះទេ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច។
ចំណែកប្រភពព័ត៌មានពីបងប្រុសបង្កើតរបស់សព ដែលមានមុខរបរជាអ្នកសារព័ត៌មាន បានបញ្ជាក់ថា ប្អូនគាត់មានអាយុ ៣៤ឆ្នាំ និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ៤ ទៅ៥ឆ្នាំហើយ លុះដល់ថ្ងៃកើតហេតុ ក៏មានគេប្រាប់គាត់ថា ប្អូនគាត់ស្លាប់ហើយ ទើបគាត់ប្រញាប់មកមើល ។
ក្រោយកើតហេតុគេឃើញ សមត្ថកិច្ចប៉ុស្តិ៍ព្រៃស ក៏ដូចជាអាជ្ញាធរ សហការជាមួយនគរបាលជំនាញបច្ចេកទេសកោសល្យវិច័យក្រុង ចុះមកធ្វើការព័ទ្ធខ្សែពិនិត្យ ដើម្បីធ្វើកោសល្យវិច័យ និងប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS