រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ឆក់កាបូបពីស្ត្រីអ្នកលក់សាច់ក្រក ជិះម៉ូតូរត់ ផ្អើលសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ រួមទាំងកម្លាំងប៉ុស្តិ៍ចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដាក់កម្លាំងស្ទាក់គ្រប់ច្រកល្ហក និងប្រដេញតាមចាប់យ៉ាងប្រផាប់ប្រភីង តាំងពីផ្លូវជាតិលេខ៣ រត់រហូតមកដល់ផ្សារថ្នល់បត់ ក៏ជិះបំបុកសមត្ថកិច្ច ដែលមានតួនាទីជានាយរងប៉ុស្តិ៍ម្នាក់រងរបួស ដួលប្រផាប់ប្រភីងនិងចាប់ខ្លួនបានទាំង២នាក់តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងត្រង់ចំណុចផ្ទះលេខ២០ ផ្លូវលេខ៤២ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ខាត់ ចាន់ថន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានចំនួន០២នាក់៖
-ទី០១ឈ្មោះ ផា រ៉ូហ្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-ទី០២ឈ្មោះ ណែម វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KU-1220 ចំនួន០១គ្រឿង (របស់ជនសង្ស័យ) , កាបូបស្ពាយពណ៌ទឹកសណ្តែក ចំនួន០១, ទូរស័ព្ទម៉ាក OPPO Reno6 ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ1HK-6308 ចេញពីផ្ទះស្ថិតនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល ទៅផ្ទះទៅលេងផ្ទះបងប្រុសបង្កើត ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ដោយជនរងគ្រោះបានស្ពាយកាបូបពណ៌ទឹកសណ្តែកចំនួន០១ ពាក់ឆៀងទៅខាងឆ្វេង ដោយក្នុងកាបូបនោះមានទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO Reno6 ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង ។
ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើតាមផ្លូវលេខ៤២ ពីលិចទៅកើត ដល់ចំណុចមុខផ្ទះលេខ២០ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KU-1220 មកខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ណែម វិចិត្រ ដែលជិះខាងក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច ហើយជិះម៉ូតូគេចខ្លួនទៅតាមផ្លូវបេតុងព្រៃស ជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ បានឃើញហេតុការណ៍នោះ ក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយ និងស្រែកប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងសមត្ថកិច្ចដែលនៅតាមគោលដៅជួយអន្តរាគមន៍ ហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនតាមផ្លូវបេតុងព្រៃស រហូតដល់ស្តុបផ្សារថ្នល់បត់ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ទោ ជាង ហ៊ុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនព្រហ្មទណ្ឌ រួមទាំងកម្លាំងប៉ុស្តិ៍ចំណុះឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដាក់កម្លាំងស្ទាក់គ្រប់ច្រកល្ហក និងប្រដេញតាមចាប់យ៉ាងប្រផាប់ប្រភីងរហូតឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់តែម្តង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ថាន ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន) ពិតជាបានជិះម៉ូតូ០២គ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូគេចខ្លួន ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីចាត់ការតាមផ្លូច្បាប់។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS