ព័ត៌មានជាតិ

ករណីឃាតកម្ម! ប្រទះឃើញសពកុមារីម្នាក់ ត្រូវបានគេសម្លាប់ រួចបោះចូលទឹក ឆ្ងាយពីផ្ទះប្រមាណ៥០០ម៉ែត្រ!!!!

15-Oct-2024 363 views

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់អង្គភាពការពារកុមារ CPU បានបង្ហោះនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឲ្យបានដឹងថា ក្រុមការងារចម្រុះត្រូវបានបង្កើតឡើង ដើម្បីដំណើរការស៊ើបអង្កេតករណីឃាតកម្មទៅលើកុមារីអាយុ ៨ឆ្នាំម្នាក់។

ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែតុលា នៅវេលាម៉ោង៥ល្ងាច កុមារីម្នាក់មានអាយុ៨ឆ្នាំ បានបាត់ខ្លួនពីផ្ទះ ស្ថិតនៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល។

កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអធិការដ្ឋាន រួមជាមួយអ្នករស់នៅក្នុងភូមិបានជួយគ្នាស្វែងរកកុមារីនោះ តែពុំបានជោគជ័យ។

នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែតុលា សាកសពកុមារីបាត់ខ្លួននេះត្រូវបានគេរកឃើញនៅក្នុងទឹកនៃតំបន់ទំនាបព្រៃលិចទឹកចម្ងាយពីផ្ទះប្រមាណ៥០០ម ដោយមានស្ថានភាពអណ្តែតផ្កាប់មុខ។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីការរកឃើញនេះ និងបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) រួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ជាជំនួយដល់ការិយាល័យព្រហ្មទណ្ឌ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ការពិនិត្យកន្លែងកើតហេតុ និងសាកសពត្រូវបានធ្វើឡើង។

ជាលទ្ធផលនៃការពិនិត្យ មន្ត្រីជំនាញបានរកឃើញស្លាកស្នាមដែលបញ្ជាក់ថាកុមារីរងគ្រោះត្រូវបានគេសម្លាប់។ ក្រុមការងារចម្រុះ "FOXTROT24" ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងអង្គភាពការពារកុមារ (CPU) ដើម្បីដំណើរការស៊ើបអង្កេតទៅលើរឿងហេតុនេះ។

"នេះគឺជាអំពើឃាតកម្មដ៏ព្រៃផ្សៃមួយដែលបានប្រព្រឹត្តទៅលើកុមារស្លូតត្រង់ម្នាក់ ដូច្នេះយើងនឹងខឹតខំធ្វើការស៊ើបអង្កេតអោយបានផ្ចិតផ្ចង់ ដើម្បីកំណត់ និងស្វែងរកជនល្មើស" លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU)។

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS