ព័ត៌មានជាតិ

ពុទ្ធោ! ប៉ាខ្ញុំទៅចោលខ្ញុំហើយ រថយន្តMasda សង្ស័យបើកបរស្រវឹង បើកបញ្ច្រាសផ្លូវបុកម៉ូតូសង់ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់ទាំងព្រឹក នៅមុខព្រលានយន្តហោះ!!!

12-Oct-2024 349 views

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹមក្រោមមេឃកំពុងធ្លាក់ភ្លៀង ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តMasda ស៊េរីទំនើប បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង បើកទាំងបញ្ច្រាសផ្លូវ មកបុកម៉ូតូជនរងគ្រោះពេញទំហឹង ទុកឲ្យកូនស្រីមកដល់ទ្រហ៊ោយំបោកខ្លួន ពុទ្ធោ ប៉ាខ្ញុំទៅចោលខ្ញុំហើយ បើកឡានយ៉ាងម៉េចបានមកបុកប៉ាខ្ញុំស្លាប់បែបនេះ.. ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ​ក៏ដូចជាប្រភពព័ត៌មាននៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-3560 ធ្វើដំណើរចេញពីផ្ទះនៅជម្ពូវ័ន្ត បំណងទៅជួយលក់កាហ្វេប្អូននៅស្តុបណូគា លុះដល់ចំណុចកើតហេតុ ខណៈកំពុងជិះម៉ូតូពីលិចទៅកើត ក៏ត្រូវបានរថយន្ត Masda ស៊េរីទំនើប ពាក់ស្លាកលេខ ភ្នំពេញ 1BX-3693 បើកបរដោយបុរស ឈ្មោះ គុណ បូរី អាយុ ៣៦ឆ្នាំ មុខរបរលក់ដូរ អាស័យដ្ឋាន ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល កោះកុង សង្ស័យស្រវឹង បើកទាំងបញ្ច្រាសផ្លូវពីកើតទៅលិច មកបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យបុរសអ្នកជិះម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ទាំងមេឃកំពុងភ្លៀងខ្លាំង រួចហើយរថយន្តនេះមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបង្កាន់ដៃ និងផ្លាកប៉ាន់ណូ នៅចិញ្ចើមផ្លូវ ខាងមុខព្រលានយន្តហោះបាក់ និងខ្ទេចរថយន្តផ្នែកខាងមុខបន្ថែម ទៅអស់ល្បឿនទៅមុខលែងរួច ខណៈអ្នកបើកបររថយន្តក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ ភ្លាមៗកូនស្រីជនរងគ្រោះបានមកដល់ទ្រហ៊ោយំបោកខ្លួន ពុទ្ធោ ប៉ាខ្ញុំទៅចោលខ្ញុំហើយ អ្នកឯងអើយយ៉ាងម៉េចបានមកបុកប៉ាខ្ញុំស្លាប់បែបនេះ.. ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូ និងអ្នកបើកបររថយន្ត យកទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS